ព្រឹទ្ធសភាប្រទេសអាហ្សង់ទីន បានអនុម័តការដំឡើងប្រាក់សោធននិវត្តន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ទោះបីជាមានការប្រឆាំងពីប្រធានាធិបតីសេរីនិយម លោក Javier Milei ដែលបានប្តេជ្ញាប្រើសិទ្ធិវ៉េតូចំពោះវិធានការនេះជុំវិញការព្រួយបារម្ភសារពើពន្ធ។ ព្រឹទ្ធសភា បានគាំទ្រកំណែទម្រង់ប្រាក់សោធននិវត្តន៍ដោយសំឡេងគាំទ្រ៥២សំឡេង និងអនុបវាទចំនួន៤ បន្ទាប់ពីការអនុម័តមុនដោយសភាជាន់ទាប។ សេចក្តីស្នើច្បាប់នេះនឹងបង្កើនអត្ថប្រយោជន៍ចូលនិវត្តន៍សម្រាប់ពលរដ្ឋអាហ្សង់ទីនរាប់លាននាក់ដែលកំពុងទប់ទល់ជាមួយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។

លោក Milei ដែលបានធ្វើឲ្យការរឹតត្បិតថវិកាសារពើពន្ធជាមូលដ្ឋានសំខាន់នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍មួយថា «យើងនឹងប្រើសិទ្ធិវ៉េតូ ហើយប្រសិនបើប្រើសិទ្ធិវ៉េតូ មានឱកាសដែលខ្ញុំមិនជឿនោះទេថាវានឹងកើតឡើងបាន ប៉ុន្តែប្រសិនបើការប្រើសិទ្ធិវ៉េតូត្រូវបានច្រានចោល យើងនឹងនាំយកវាទៅកាន់តុលាការ»។

លោក Milei បានប្តេជ្ញាថានឹងវ៉េតូការដំឡើងប្រាក់សោធននិវត្តន៍ ហើយបានធ្វើវារួចហើយនៅក្នុងចំណាត់ការស្រដៀងគ្នានេះ កាលពីឆ្នាំមុន។ ចាប់តាំងពីចូលកាន់តំណែងមក លោកបានកាត់បន្ថយការចំណាយសាធារណៈក្នុងគោលបំណងដើម្បីដោះស្រាយអតិផរណាឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ទោះបីជាការជំរុញការរឹតត្បិតថវិកា ធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក កម្មករ ក៏ដោយ។
អ្នកចូលនិវត្តន៍ បានចាប់ផ្តើមការតវ៉ាប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានី Buenos Aires ដើម្បីទាមទារការកែសម្រួលលើប្រាក់សោធននិវត្តន៍របស់ពួកគេ ដោយពេលខ្លះបានប្រឈមមុខជាមួយនគរបាល។