ភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់បានបោកបក់ផ្នែកខ្លះនៃប្រទេសនូវែលសេឡង់ នៅថ្ងៃសុក្រ (១១ កក្កដា) នេះ ខណៈលក្ខខណ្ឌអាកាសធាតុត្រជាក់បានផ្លាស់ទីទៅទិសខាងកើតទូទាំងប្រទេស ហើយអាជ្ញាធរបានព្រមានថា ស្ថានភាពបែបនេះអាចនឹងកាន់តែអាក្រក់ក្នុងរយៈពេល ២៤ម៉ោងខាងមុខ ដោយបង្កជាទឹកជំនន់យ៉ាងគំហុក និងបំណាក់ដី។

ការិយាល័យអាកាសធាតុរបស់ប្រទេសនេះបាននិយាយនៅក្នុងបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា តំបន់កោះភាគខាងត្បូង និងភាគខាងជើងនៃប្រទេសអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអាកាសធាតុដ៏កម្រោលនេះ។ សេវាឧតុនិយមនូវែលសេឡង់ បាននិយាយថា ខ្យល់កន្រ្តាក់នឹងបង្កើនល្បឿនចាប់ពីរសៀលថ្ងៃសុក្រនេះ ជាមួយនឹងខ្យល់បក់រហូតដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់តំបន់មួយចំនួន ដោយអាចនឹងមានព្យុះផ្គររន្ទះខ្លាំងនៅល្ងាចថ្ងៃសុក្រ។

ភាពអាសន្នក្នុងតំបន់ត្រូវបានប្រកាសសម្រាប់តំបន់ Nelson Tasman ជាលើកទីពីរក្នុងពេលជាច្រើនខែ ដោយក្រុមមន្ត្រីបានព្រមានថា ទឹកទន្លេអាចកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែដីនៅតែសើម បន្ទាប់ពីទឹកជំនន់កាលពីចុងខែមុន។
អ្នកបើកបរត្រូវបានជំរុញកុំឱ្យធ្វើដំណើរមិនចាំបាច់តាមដងផ្លូវ ខណៈអាជ្ញាធរបានស្នើឱ្យអ្នកស្រុកនៅក្នុងតំបន់ Nelson Tasman ជម្លៀសពីផ្ទះសម្បែងរបស់ពួកគេ ប្រសិនបើមានអារម្មណ៍ថាពុំមានសុវត្ថិភាព៕