ប្រទេសលីប៊ី និងទួរគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនសមត្ថភាពយោធារបស់កងទ័ពលីប៊ី តាមរយៈការបណ្តុះបណ្តាលកម្រិតខ្ពស់ និងការគាំទ្រផ្នែកភស្តុភារ។
រដ្ឋាភិបាលរួបរួមជាតិដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី បាននិយាយថា លោក Abdulsalam Al-Zoubi អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងអង់ការ៉ា ដើម្បីធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសលីប៊ី និងទួរគី។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយលោក Yasar Guler រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី និងអនុរដ្ឋមន្ត្រីការពារជាតិផងដែរ។

កិច្ចព្រមព្រៀងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ដើម្បីបង្កើនការត្រៀមខ្លួន និងវិជ្ជាជីវៈរបស់កងទ័ពលីប៊ី។ លោក Al-Zoubi បាននិយាយថា កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃផែនការរបស់ទីក្រុងទ្រីប៉ូលី ក្នុងការអភិវឌ្ឍកងទ័ពលីប៊ី ដោយសរសើរទំនាក់ទំនងយុទ្ធសាស្ត្រជាមួយទីក្រុងអង់ការ៉ា។ លោកបាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសទួរគី គឺជាអាទិភាពសំខាន់សម្រាប់កម្មវិធីអភិវឌ្ឍន៍ស្ថាប័នរបស់ក្រសួងការពារជាតិ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ប្រទេសទួរគី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រសមត្ថភាពការពាររបស់ទីក្រុងទ្រីប៉ូលី ដោយបញ្ជាក់ពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។
