ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (១១ កក្កដា) នេះថា ឧត្តមសេនីយយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា បានស្នើលោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យកាត់បន្ថយអត្រាពន្ធ ៤០% លើការនាំចេញរបស់មីយ៉ាងម៉ា ទៅកាន់សហរដ្ឋអាមេរិក ហើយត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើចាំបាច់។
របាយការណ៍និយាយថា នៅក្នុងការឆ្លើយតបទៅនឹងលិខិតរបស់លោក Trump ជូនដំណឹងដល់មីយ៉ាន់ម៉ាអំពីពន្ធដ៏ច្រើននេះ លោក Min Aung Hlaing បានស្នើកាត់បន្ថយអត្រាពន្ធពាណិជ្ជកម្មមកត្រឹម ១០% ទៅ ២០% ដោយប្រទេសរបស់លោកក៏កាត់បន្ថយការយកពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកមកនៅចន្លោះពីសូន្យទៅ ១០%។

គួរឱ្យដឹងថា លោក Trump បានប្រកាសអត្រាពន្ធសម្រាប់ប្រទេសចំនួន១៤ រួមទាំងប្រទេសមីយ៉ាន់ម៉ាចំនួន ៤០% ដែលចូលជាធរមានចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយធ្លាក់ចុះពីតួលេខ ៤៤% កាលពីខែមេសា។ សហរដ្ឋអាមេរិក មិនទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលយោធាដែលបានគ្រប់គ្រងអំណាចក្នុងឆ្នាំ២០២១ នេះទេ ដែលធ្វើឱ្យលិខិតជូនដំណឹងអត្រាពន្ធរបស់លោក Trump នេះមានលក្ខណៈមិនធម្មតា។
សមាគមរោងចក្រកាត់ដេរមីយ៉ាន់ម៉ា (MGMA) បានព្រមានថា ពន្ធថ្មីនេះទំនងជានឹងធ្វើឱ្យពាណិជ្ជកម្មធ្លាក់ចុះ និងធ្វើឱ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាករួចទៅហើយ កាន់តែអាក្រក់បន្ថែមទៀត៕

