អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃសុក្រ (១១ កក្កដា) នេះថា និន្នាការវិជ្ជមាននៅទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នៅតែបន្ត និងមិនរសាយនោះឡើយ បើទោះបីជារដ្ឋបាលអាមេរិក កំពុងធ្វើសកម្មភាពក្នុងលក្ខណៈឡើងចុះមិនទៀតទាត់ក៏ដោយ។
សារព័ត៌មាន RIA បានដកស្រង់សំដីលោក Ryabkov ដែលនិយាយថា "លោកមិនយល់ស្របឡើយថានិន្នាការវិជ្ជមានក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្លាក់ចុះ"។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះបន្តថា៖ លោកគិតថារដ្ឋបាលរបស់សហរដ្ឋអាមេរិក បច្ចុប្បន្ននេះធ្វើសកម្មភាពក្នុងលក្ខណៈមិនទៀតទាត់លើបញ្ហាទំនាក់ទំនងនេះ និងបញ្ហាជាច្រើនទៀត"។

គួរឱ្យដឹងថា ជម្លោះដ៏បង្ហូរឈាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបង្កឱ្យមានការបែកបាក់ដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិច ជាពិសេសជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ មក។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញនូវ "ក្តីសង្ឃឹម" លើការរំពឹងទុករបស់ទីក្រុងមូស្គូ ក្នុងការស្តារទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកឡើងវិញ កាលពីខែកុម្ភៈ ជាពេលដែលភាគីទាំងពីរបានធ្វើកិច្ចពិភាក្សាបន្ធូរភាពតានតឹងមួយនៅនិវេសនដ្ឋានរបស់អគ្គកុងស៊ុលអាមេរិក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ក្នុងបំណងដោះស្រាយបញ្ហាស្ថានទូត ជាពិសេសវិធានការសងសឹកទៅមក ដែលមើលឃើញប្រទេសទាំងពីរបណ្តេញអ្នកការទូត និងរឹតបន្តឹងការតែងតាំងបុគ្គលិកថ្មីនៅក្នុងបេសកកម្មរបស់គ្នាទៅវិញទៅមក៕

