កាសែត New York Times សរសេរដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ថា អ៊ីរ៉ង់ នៅតែចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងទីក្រុង Fordow និង Natanz ទោះបីជាមានការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើរោងចក្រនុយក្លេអ៊ែរទាំងនោះ ក៏ដោយ។
សារព័ត៌មាននេះ បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល យល់ស្របថា ពួកគេបានធ្វើឲ្យខូច ឬបំផ្លាញម៉ាស៊ីនចម្រាញ់ទាំងអស់ នៅរោងចក្រនុយក្លេអ៊ែរ។ លទ្ធភាពដែលទីក្រុងតេអេរ៉ង់ នឹងព្យាយាមឲ្យពួកវាត្រឡប់ទៅរកលក្ខខណ្ឌដំណើរការបានឡើងវិញ មានកម្រិតទាប។

យោងតាមសារព័ត៌មាននេះ អ៊ីរ៉ង់អាចនឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ហើយចាប់ផ្តើមចែកចាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដល់សហគ្រាសខ្នាតតូចៗ នៅទូទាំងប្រទេស ជំនួសឲ្យ ការប្រមូលផ្តុំកម្មវិធីនុយក្លេអ៊ែរជាច្រើន នៅកន្លែងតែមួយ។
អ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនស្វែងរកការកសាងអាវុធនុយក្លេអ៊ែរទេ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Rzeczpospolita របស់ប៉ូឡូញ អគ្គនាយកទីភ្នាក់ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា ទីភ្នាក់ងារនេះ មិនបានកត់ត្រាសញ្ញាណាមួយនៃទីក្រុងតេអេរ៉ង់ដែលកំពុងរៀបចំ ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរនោះទេ។
