បើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានឲ្យដឹងថា អ៊ីស្រាអែលបានសន្និដ្ឋានថា ការស្តុកក្រោមដីខ្លះៗនៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយជិតដល់កម្រិតផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានគេចផុតពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីខែមិថុនា ហើយវិស្វករនុយក្លេអ៊ែរអ៊ីរ៉ង់ប្រហែលជាអាចចូលទៅដល់កន្លែងលាក់ទុកនោះបាន។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានប្រាប់ឲ្យដឹងផងដែរថា អ៊ីស្រាអែលបានចាប់ផ្តើមឆ្ពោះទៅរកវិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅចុងឆ្នាំ២០២៤ បន្ទាប់ពីបានឃើញនូវអ្វីដែលមន្ត្រីបានពិពណ៌នាថា ជាការវិវត្តយ៉ាងលឿនទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃគម្រោងការសម្ងាត់របស់អ៊ីរ៉ង់។ មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារភាពរសើបនៃព័ត៌មាននេះ។

មន្ត្រីនោះ បានឲ្យដឹងទៀតថា ចារកម្មអ៊ីស្រាអែលបានប្រទះឃើញសកម្មភាពអាវុធនុយក្លេអ៊ែរភ្លាមៗ បន្ទាប់ពីកងកម្លាំងអាកាសអ៊ីស្រាអែល បានសម្លាប់លោក Hassan Nasrallah មេដឹកនាំដ៏យូរអង្វែងរបស់ក្រុមហេសបូឡា ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់។ ការសង្កេតឃើញនោះ បានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រៀមខ្លួន ដើម្បីបើកការវាយប្រហារដោយមាន ឬគ្មានជំនួយពីសហរដ្ឋអាមេរិក។
អំឡុងប៉ុន្មានថ្ងៃនៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ នាពាក់កណ្តាលខែមិថុនា និងការសម្រេចជាបន្តបន្ទាប់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការចូលរួមក្នុងយុទ្ធនាការនេះ មន្ត្រីចារកម្មអាមេរិកបានប្រាប់ថា ពួកគេមិនបានឃើញភស្តុតាងនៃការវិវត្តរបស់អ៊ីរ៉ង់ឆ្ពោះទៅរកការធ្វើទំនើបកម្មអាវុធ ជាមួយនឹងសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតជិតផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយ។ សហរដ្ឋអាមេរិកបានវាយលុកទីតាំងចម្រាញ់សារធាតុនេះដ៏សំខាន់បំផុតចំនួន ២ របស់អ៊ីរ៉ង់ ដោយការទម្លាក់គ្រាប់បែកទម្ងន់ ១៣.៦០០គីឡូក្រាម និងបានកំណត់គោលដៅលើមីស៊ីល Tomahawk ដែលបាញ់ចេញពីនាវាមុជទឹក នៅទីតាំងទី៣ ជាកន្លែងដែលសារធាតុចម្រាញ់ហើយអាចបំប្លែងសម្រាប់ការប្រើប្រាស់ ក្នុងអាវុធផ្សេងៗ៕

