ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានចាប់ពង្រត់ និងសម្លាប់មនុស្ស ៩នាក់ បន្ទាប់ពីបានឃាត់រថយន្តក្រុងដឹកអ្នកដំណើរពីរចំនួនគ្រឿងឲ្យឈប់ នៅលើផ្លូវហាយវេមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍។
មន្ត្រីរដ្ឋបាលស្រុកលោក Saadat Husain បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារនៅពេលយប់បានកើតឡើង នៅក្នុងស្រុក Zhob និង Loralai នៃខេត្តបាឡូជីស្ថាន( Balochistan)ខណៈដែលរថយន្តក្រុងបានធ្វើដំណើរពីទីរួមខេត្ត Quetta ទៅកាន់ខេត្ត Punjab។
លោក Husain បាននិយាយថា ក្រុមអ្នកវាយប្រហារ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយការស្រាវជ្រាវ កំពុងធ្វើ ដើម្បីតាមចាប់ខ្លួនជនដៃដល់។ អាជ្ញាធរបានរកឃើញសាកសព នៅលើផ្លូវហាយវេនោះ។
លោក Ashfaq Chaudhry មន្ត្រីរដ្ឋបាលនៅក្នុងស្រុក Dera Ghazi Khan នៃរដ្ឋ Punjab បាននិយាយថា ក្រុមអ្នកវាយប្រហារហាក់ដូចជាកំណត់គោលដៅទៅលើអ្នកដំណើរមកពីខេត្ត Punjab ជាពិសេស។