ផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់អាត្រពន្ធ ៥០ភាគរយលើការនាំចូលទង់ដែង ត្រៀមរួមបញ្ចូលទាំងប្រភេទនៃសម្ភារៈប្រើប្រាស់ សម្រាប់បណ្តាញអគ្គិសនី មជ្ឈមណ្ឌលយោធា និងមជ្ឈមណ្ឌលទិន្នន័យ។
ហើយបើយោងតាមបុគ្គលដឹងពីបញ្ហានេះដែលសុំមិនបញ្ចេញឈ្មោះ ព្រោះការពិភាក្សានេះ គឺជារឿងសម្ងាត់ បានឲ្យដឹងថា គម្រោងនោះមានរួមបញ្ចូលទាំងផលិតផលពាក់កណ្តាលសម្រេចផងដែរ។ ចំណាត់ការនេះកើតឡើងស្របពេលដែលព័ត៌មានលម្អិតមួយចំនួននៃផែនការរបស់លោក Trump សម្រាប់ពន្ធទង់ដែង ត្រូវបានបង្ហាញរហូតមកដល់ពេលនេះ។ វិធានការដំឡើងពន្ធនោះ មិនទាន់ត្រូវបានធ្វើឲ្យក្លាយជាផ្លូវការនៅឡើយទេ ហើយវាអាចមានការប្រែប្រួល។

មានការរំពឹងទុកយ៉ាងទូលំទូលាយថា ទង់ដែងចម្រាញ់ហើយ នឹងត្រូវបានដំឡើងពន្ធ ប៉ុន្តែវាមិនច្បាស់នោះទេថា តើនឹងមានអ្វីកើតឡើងជាមួយផលិតផលពាក់កណ្តាលសម្រេច។
កាតព្វកិច្ចពន្ធដែលលោក Trump បានប្រកាសថា នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក។ ចំណាត់ការនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនការចំណាយនៅទូទាំងផ្នែកជាច្រើននៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយសារតែឧស្សាហកម្ម និងការប្រើប្រាស់ជាច្រើនពឹងផ្អែកលើលោហៈនេះ។
ទង់ដែងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ រាប់ចាប់ពីគ្រឿងអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ និងរថយន្ត រហូតដល់សំណង់ និងយោធា៕
