អាជ្ញាធរទីក្រុង នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះថា ទីក្រុងគីវ នឹងលៃទុកទឹកប្រាក់ចំនួន ៦,២លានដុល្លារ សម្រាប់កម្មវិធីស្ទាក់ចាប់យានដ្រូន ដើម្បីការពារផ្ទៃមេឃរបស់រដ្ឋធានីនេះពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី។
គួរបញ្ជាក់ថា រុស្ស៊ីបានបង្កើនការវាយប្រហារចម្រុះរបស់ខ្លួនលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបាញ់បង្ហោះយានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ អំឡុងការវាយលុកនាពេលយប់រយៈពេលជាច្រើនម៉ោង ដែលបានបង្កការខូចខាតដល់តំបន់ភាគច្រើននៃទីក្រុងនេះ។

ប្រធានរដ្ឋបាលយោធាទីក្រុងគីវ លោក Tymur Tkachenko បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «មូលនិធិទាំងនេះនឹងត្រូវបានប្រើប្រាស់ មិនត្រឹមតែក្នុងការទិញឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការបង្កើតប្រព័ន្ធឆ្លើយតបប្រកបដោយប្រសិទ្ធភាពផងដែរ»។
ទីក្រុងនេះបានបន្ថែមថា ខ្លួនគ្រោងនឹងបញ្ចូលថវិកាបន្ថែមនៅខាងក្រៅថវិកាដែលមានស្រាប់ ដោយមិនបានបញ្ជាក់ពីចំនួនដែលត្រូវការនោះឡើយ។
លោក Tkachenko បានលើកឡើងថា គម្រោងសាកល្បងតូចមួយ បានបង្ហាញពីប្រសិទ្ធភាពដំបូងរបស់វា ដោយស្ទាក់ចាប់យានដ្រូនបានជិត ៥៥០គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះ ដើម្បីវាយប្រហារតំបន់ទីក្រុងគីវ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោក Tkachenko បានឲ្យដឹងបន្ថែមថា អាជ្ញាធរគ្រោងនឹងបើកមជ្ឈមណ្ឌល សម្រាប់បណ្តុះបណ្តាលប្រតិបត្តិករស្ទាក់ចាប់យានដ្រូន និងបង្កើតអង្គភាពចល័តបន្ថែម នៅក្នុងរដ្ឋធានី និងតំបន់ជាយក្រុង៕
