ដោយដកស្រង់សម្ដីពីបុគ្គលជាច្រើនដែលដឹងបញ្ហានេះ សារព័ត៌មាន Politico នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) បានចុះផ្សាយថា ប្រទេសអាល្លឺម៉ង់គ្រោងទិញយន្តហោះចម្បាំង F-35 បន្ថែមចំនួន ១៥គ្រឿង ជាការចំណាត់ការដែលបានគ្រោងទុករបស់ប្រទេសនេះ ក្នុងការបង្កើនកងយន្តហោះផលិតដោយសហរដ្ឋអាមេរិក ឲ្យដល់ ៥០គ្រឿង។
សេចក្ដីការណ៍នេះកើតឡើងស្របពេលដែលមានភាពតានតឹង រវាងអាល្លឺម៉ង់ និងបារាំង ជុំវិញភាពជាដៃគូយន្តហោះចម្បាំងបារាំង-អាល្លឺម៉ង់ FCAS បន្ទាប់ពីមានរបាយការណ៍កាលពីដើមសប្តាហ៍នេះថា ពេលនេះបារាំងចង់បានចំណែកការងារ ៨០ភាគរយ។

ប្រភពឧស្សាហកម្មបានប្រាប់ទីភា្នក់ងារសារព័ត៌មាន Reuters ថា តម្រូវការនេះនឹងលុបចោលការបែងចែកភារកិច្ចដែលបានព្រមព្រៀងគ្នា ហើយអាចបញ្ឈប់គម្រោងនេះមិនឲ្យឈានចូលដល់ដំណាក់កាលបន្ទាប់របស់វា។
ការបញ្ជាទិញរបស់អាល្លឺម៉ង់ដែលត្រូវបានរាយការណ៍នេះ ក៏នឹងស្របតាមកិច្ចព្រមព្រៀង រវាងប្រទេសសមាជិកអង្គការណាតូ (NATO) ដែលនឹងបង្កើនគោលដៅចំណាយរួមរបស់ពួកគេឲ្យដល់ ៥ភាគរយនៃទិន្នផល នៅទសវត្សរ៍ក្រោយ ដោយលើកឡើងពីការគំរាមកំហែងរយៈពេលវែងដែលបង្កឡើងដោយរុស្ស៊ី និងតម្រូវការក្នុងការពង្រឹងភាពធន់ខាងស៊ីវិល និងយោធា។
អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានឲ្យដឹងថា ជាទូទៅវាមិនមានការធ្វើអត្ថាធិប្បាយ អំពី «ផែនការលទ្ធកម្មដែលអាចកើតមាន មុនពេលគម្រោងទាំងនោះឆ្លងកាត់សភា»។ រហូតមកដល់ពេលនេះ អាល្លឺម៉ង់បានបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៣៥គ្រឿងហើយ ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ Tornado សរុបចំនួន ៨៥គ្រឿង ដែលនឹងត្រូវបានឲ្យឈប់ដំណើរការ៕
