ក្រុមអាជ្ញាធរ និយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុង Kharkiv របស់អ៊ុយក្រែននៅថ្ងៃសុក្រនេះ បណ្តាលឲ្យខូចខាតមន្ទីរពេទ្យសម្ភព ធ្វើឲ្យអ្នកជំងឺភិតភ័យ ពេលដែលបង្អួចរាយប៉ាយពេញបន្ទប់ ហើយអំបែងកញ្ចក់ធ្លាក់លើគ្រែ ជំរុញឲ្យគ្រួសាររួសរាន់បញ្ជូនទារករបស់ពួកគេទៅកាន់ទីជម្រកក្រោយដី ។
ក្រុមរដ្ឋអាជ្ញាធរតំបន់ Kharkiv និយាយថា ស្រ្តី ៣នាក់ និងទារកទើបកើត ៣នាក់ បានរងរបួស និងទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
អ្នកស្រី Oleksandra Lavrynenko បានសម្រាកនៅក្នុងមន្ទីរពេទ្យ ក្រោយឆ្លងទន្លេកូនរបស់គាត់ ។ អ្នកស្រីនិយាយថា ពួកយើងភ្ញាក់ដឹងខ្លួនឮសំឡេងយ៉ាងខ្លាំង ។ ប្តីរបស់គាត់ និងគាត់ប្រញាប់ទៅមើលកូនទើបកើតរបស់ពួកយើង ហើយនៅពេលនោះ មាននូវការវាយប្រហារ បណ្តាលឲ្យបង្អួចរាយប៉ាយពាសពេញបន្ទប់ ។
អ្នកស្រីបន្តថា ពួកគេបានប្រញាប់នាំកូនទើបកើតបាន ១ថ្ងៃ ទៅកាន់ទីជម្រកក្រោមដី វាគួរឲ្យខ្លាចខ្លាំងណាស់ ។
សូមបញ្ជាក់ថា រុស្ស៊ី បានបង្កើនការវាយប្រហារតាមច្រកអាកាសរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយនិងបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន ។
ពួកគេតែងតែវាយប្រហារទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែនស្ថិតនៅភាគឦសានប្រទេស ចាប់តាំងពីពួកគេបើកការវាយលុកពេញបន្ទុកកាលពីឆ្នាំ ២០២២ ៕