រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Mohamad Hasan និយាយនៅថ្ងៃសុក្រនេះថា ប្លុកអាស៊ាន បានឯកភាពគ្នាថា ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា មិនមែនជាអាទិភាពនោះទេ ហើយពួកគេជំរុញឲ្យរបបសឹកប្រទេសមួយនេះ ប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្តសន្តិភាពរបស់ខ្លួនជំនួសវិញ ។
មីយ៉ាន់ម៉ាដែលជាសមាជិករបស់អាស៊ាន កំពុងស្ថិតនៅក្នុងសង្រ្គាមស៊ីវិលកើនឡើង ហើយក្រុមអ្នករិះគន់បាននិយាយចំអកថា ការបោះឆ្នោតតាមផែនការរបស់របបសឹកនៅឆ្នាំនេះ គ្រាន់តែជាការប៉ុនប៉ងពន្យាពេលការគ្រប់គ្រងរបស់យោធាប៉ុណ្ណោះ តាមរយៈតំណាងពេញសិទ្ធិ ដោយគ្មានវត្តមានរបស់ក្រុមប្រឆាំងនយោបាយ ។
លោក Mohamad បាននិយាយថា សមាជិកអាស៊ានដែលម៉ាឡេស៊ីកំពុងធ្វើជាម្ចាស់ផ្ទះ ចង់ឲ្យមីយ៉ាន់ម៉ាគោរពការស្រុះស្រួលមតិផែនការសន្តិភាព ៥ចំណុចដែលរបបសឹកបានយល់ព្រមកាលពីឆ្នាំ ២០២១ រយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi ។
ផែនការសន្តិភាពនេះ បានបរាជ័យភាគច្រើន ដោយសាររដ្ឋាភិបាលយោធា មិនចង់ចូលរួមកិច្ចសន្ទនាជាមួយក្រុមប្រឆាំងដែលពួកគេយល់ឃើញថា ជាក្រុមភេរវកម្ម ។
លោក Mohamad បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅជំនួបក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ានថា ការបោះឆ្នោតមិនមែនជាផ្នែកមួយនៃការស្រុះស្រួលមតិ ៥ចំណុចនោះឡើយ ។
លោកបន្តថា ពួកយើងបានណែនាំមីយ៉ាន់ម៉ាថា ការបោះឆ្នោតមិនមែនជាអាទិភាពនោះទេនៅពេលនេះ អាទិភាពគឺបន្ធូរបន្ថយអំពើហិង្សាទាំងអស់ ដើម្បីឲ្យភាគីទាំងអស់អាចអង្គុយជជែកគ្នាបាន ៕