ចិននិយាយនៅថ្ងៃសុក្រនេះថា កិច្ចប្រជុំសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង លើកិច្ចសហប្រតិបត្តិការសាងសង់នាវា មិនគួរប៉ះពាល់ដល់ភាគីទី ៣នោះឡើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងសេអ៊ូល ស្វែងរកជំនួយ ដើម្បីទប់ទល់ចំណែកទីផ្សារកើនឡើងរបស់ចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយប្រាប់សន្និសីទសារព័ត៌មានថា គ្មានកិច្ចព្រមព្រៀងណាមួយ ឬកិច្ចចរចាណាមួយ គួរតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ភាគីទី ៣នោះឡើយ ។
អ្នកស្រីបានជំរុញឲ្យភាគីទាំងអស់ដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈតុចរចា និងចៀសវាងការបង្កើតការប្រឈមដាក់គ្នា ។
សេចក្តីអត្ថាធិប្បាយរបស់អ្នកស្រី បានកើតមាន បន្ទាប់ពីប្រធានគោលនយោបាយពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Chang Sung-gil និយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកស្នើសុំទីក្រុងសេអ៊ូល ឲ្យចូលរួមវិធានការទប់ស្កាត់ចិន នៅក្នុងវិស័យដទៃជាច្រើន ជាលក្ខខណ្ឌជាមុន សម្រាប់កិច្ចសហប្រតិបត្តិការលើការសាងសង់នាវា ។
លោក Sung-gil បាននិយាយបែបនេះ ដោយពុំបានបរិយាយអ្វីច្រើននោះទេ តែក្រោយមក លោកបានបញ្ជាក់ថា លោកចង់សំដៅលើវិស័យសាងសង់នាវា ដែលជាវិស័យដ៏មានសក្តានុពលមួយ ជាទីដែលសហរដ្ឋអាមេរិក ចង់ឲ្យកូរ៉េខាងត្បូងចាប់ដៃគ្នា ជាការទប់ទល់ជាមួយចិន ៕