ទិន្នន័យរបស់សហភាពអឺរ៉ុប (EU) ដែលបានចេញផ្សាយនៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ បានបង្ហាញថា ទេសន្តរប្រវេសន៍ចូល EU បានរុញឲ្យចំនួនប្រជាជនរបស់ប្លុកនេះឡើងដល់ចំនួនខ្ពស់បំផុត ៤៥០,៤លាននាក់ កាលពីឆ្នាំមុន ដោយបានប៉ះប៉ូវដល់ការថយចុះនៃចំនួនប្រជាជនក្នុងប្រទេស សម្រាប់រយៈពេល ៤ឆ្នាំជាប់គ្នា។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ EU បានកត់ត្រាអត្រាមរណភាពច្រើនជាងអត្រាកំណើតជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យជនអន្តោប្រវេសន៍ក្លាយជាកត្តាជំរុញតែមួយគត់ដល់កំណើនប្រជាជន។ និន្នាការនេះបង្ហាញពីបញ្ហាប្រឈមផ្នែកប្រជាសាស្រ្តរបស់អឺរ៉ុប ដោយសារចំនួនប្រជាជនវ័យចំណាស់ និងអត្រាមានកូនទាប ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខុមាលភាព និងបង្កើតឲ្យមានកង្វះខាតកម្លាំងពលកម្ម។
ប្លុកនេះបានបន្ថែមចំនួនអ្នករស់នៅ ១,០៧លាននាក់ ក្នុងឆ្នាំ២០២៤ ដោយមានជនអន្តោប្រវេសន៍សុទ្ធចំនួន ២,៣លាននាក់ជួយប៉ះប៉ូវការថយចុះនៃចំនួនប្រជាជានក្នុងប្រទេស ១,៣លាននាក់ ខណៈដែលការស្លាប់ (៤,៨២លាននាក់) បានបន្តលើសអត្រាកំណើត (៣,៥៦លាននាក់) ។
អាល្លឺម៉ង់ បារាំង និងអ៊ីតាលី នៅតែជាប្រទេសដែលមានប្រជាជនច្រើនជាងគេរបស់ប្លុក ដោយស្មើជិតពាក់កណ្តាលនៃចំនួនប្រជាជន EU សរុប ដោយមានចំនួន ៤៧ភាគរយ។ បើទោះបីជាប្រទេស EU ចំនួន ១៩ បានកត់ត្រានូវកំណើនប្រជាជននៅឆ្នាំ២០២៤ ក៏ដោយ ក៏មានប្រទេសចំនួន ៨ បានធ្លាក់ចុះ។
យ៉ាងណាក្ដី ចំនួនប្រជាជនរបស់ប្លុកបានកើនឡើងពីចំនួន ៣៥៤,៥លាននាក់ ក្នុងឆ្នាំ១៩៦០ ទោះបីជាអត្រាកំណើន បានថយចុះយ៉ាងខ្លាំងពី ៣លាននាក់ជារៀងរាល់ឆ្នាំ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ មកត្រឹមតែ ០,៩លាននាក់ ក្នុងអំឡុងឆ្នាំ២០០៥-២០២៤ ក៏ដោយ៕