យោងតាមប្រភពព័ត៌មានពីមន្ទីរពេទ្យ al-Shifa Hospital ស្ថិតក្នុងទីក្រុងហ្កាហ្សាបាននិយាយប្រាប់កាសែត Al Jazeera ថា មនុស្សយ៉ាងហោច ៨នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើសាលារៀន Halimah al-Saadiyah ស្ថិតក្នុងជំរំ Jabalia an-Nazla នៅភាគខាងជើងតំបន់ហ្កាហ្សា ។ ចំណែកឯមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសផងដែរនៅក្នុងការវាយប្រហារមួយនេះ ។
លោក Abu Haitham Khalla គឺជាជនប៉ាឡេស្ទីនមួយរូបនិយាយថា លោកបានឃើញតំបន់ទាំងមូលពោពេញដោយធូលី ។
លោកបន្តថា ភាពតក់ស្លុតបានកើតមានឡើង ហើយការភ័យខ្លាចកើតមានផងដែរនៅក្នុងចំណោមជនប៉ាឡេស្ទីនប្រហែល ១ពាន់នាក់ដែលជ្រកកោននៅក្នុងសំពត់តង់ និងថ្នាក់រៀន ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ៨២នាក់ ចាប់តាំងពីពេលព្រឹករហូតមក ស្របពេលដែលកិច្ចប្រជុំស្វែងរកបទឈប់បាញ់កំពុងបន្ត ហើយនិងការរិះគន់លើផែនការផ្ទេរជនប៉ាឡេស្ទីនទាំងបង្ខំទៅកាន់ទីក្រុង Rafah ។
នៅក្នុងចំណោមនុស្សដែលត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ មនុស្ស ១៥នាក់ រួមទាំងកុមារ ៩នាក់ និងស្រ្តី ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ខណៈពេលដែលពួកគេតម្រង់ជួររង់ចាំការផ្គត់ផ្គង់អាហារូបត្ថម្ភសម្រាប់កុមារនៅទីក្រុង Deir el-Balah ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ។
មនុស្សយ៉ាងហោច ៣០នាក់ផ្សេងទៀត បានរងរបួស រួមទាំងកុមារ ១៩នាក់ផងដែរ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះអ្នកស្រី Catherine Russell ដែលជាប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) បានធ្វើការថ្កោលទោសការវាយប្រហារលើក្រុមស្វែងរកជំនួយមនុស្សធម៌ ហើយអ្នកស្រីនិយាយថា ការសម្លាប់គ្រួសារព្យាយាមទទួលបានជំនួយ គឺជារឿងមិនសមស្របនោះទេ ៕