បាល់ទាត់៖ ការប្រកួតទី២ របស់ក្លិបជើងឯកលីគកំពូលកម្ពុជាបឹងកេត ត្រូវលើកពេលទៅលេងនៅខែបន្ទាប់ហើយ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា (CNCC)។
ប្រភពដដែលបញ្ជាក់ថា យោងទៅលើស្ថានភាពបច្ចុប្បន្ននេះ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាល់ការរីករាលដាលបន្ត និងកាត់បន្ថយហនិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចកែសម្រួលកម្មវិធីប្រកួតរវាងក្លិបអាស៊ីអឺរ៉ុប និងក្លិបបឹងកេតទៅលេងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរសៀលនៅ AEU Sport Park។ បឹងកេតបើកការប្រកួតដំបូងចាញ់ណាហ្គាវើល ០ទល់នឹង១ ចំនែកឯអាស៊ីអឺរ៉ុបប្រកួតចាញ់គីរីវង់សុខសែនជ័យ ២ទល់នឹង៣។ នេះជាការប្រកួតទី៣ នៃសប្តាហ៍ទី២ ហើយដែលត្រូវលើកពេលប្រកួត បន្ទាប់ពីការប្រកួតរវាងវិសាខា និងនគរបាលជាតិ និងការប្រកួតរវាងណាហ្កាវើលដ៍ និងកងយោធិពលខេមរភូមិន្ទដូរទៅលេងថ្ងៃទី២០ ខែមេសាខាងមុខនេះដែរ។
ដូច្នោះសម្រាប់ការប្រកួតសប្តាហ៍ទី២ នេះនៅសល់ ៣ប្រកួតដែលលេងមាន ព្រះខ័នរាជប្រកួតជាមួយអគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្តស្វាយរៀងថ្ងៃទី១៣ ខែមីនា និងអង្គរថាយហ្គឺរប្រកួតជាមួយគីរីវង់សុខសែនជ័យ និងព្រៃវែងទទួលសូលទីឡូអង្គរថ្ងៃទី១៤ ខែមីនា នេះបើគ្មានការប្រែប្រួលដោយស្ថានភាពបច្ចុប្បន្ន។ សូមរំលឹកថា កាលពីឆ្នាំ២០២០ កូវីដ-១៩ បានធ្វើឲ្យការប្រកួតបាល់ទាត់កម្ពុជាពន្យាពេលប្រកួត ពីកំឡុងខែនេះរហូតដល់ខែមិថុនា ហើយការប្រកួតលីគកម្ពុជាក៏បានកែសម្រួលរូមមន្តប្រកួតកាលនោះ៕
អត្ថបទ៖ គង់ ហួន
