អូឡាំពិក៖ លោកស្រី ភោគ ដាវី នាយិការងនៃវិទ្យាល័យច្បារអំពៅបានធ្វើការសាទរ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើឲ្យសិស្សានុសិស្សរបស់ខ្លួនបានជ្រួតជ្រាបកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការលេងកីឡា។

ការលើកឡើងនេះបន្ទាប់ពី NOCC បានរៀបចំនូវកម្មវិធីប្រចាំនេះ ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយអំពីយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដល់សិស្សានុសិស្សនៅវិទ្យាល័យច្បារអំពៅកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។ បន្ថែមលើការថ្លែងអំណរគុណចំពោះការរៀបចំកម្មវិធីដ៏មានសារសំខាន់នៅសាលារបស់ខ្លួន លោកស្រី ភោគ ដាវី បានប្ដេជ្ញាជំរុញ និងលើកទឹកចិត្តឲ្យសិស្សានុសិស្សរបស់ខ្លួនចូលរួមលេងកីឡា និងរួមគ្នាផ្សព្វផ្សាយពីយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដើម្បីលើកមុខមាត់ប្រទេសជាតិ និងក្លាយជាផ្នែកមួយឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាគ្រូឧទ្ទេសបានបញ្ជាក់ថា នេះគឺជាលើកទី៦ ហើយដែល NOCC បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងយុទ្ធនាការផ្សព្វផ្សាយកម្ពុជាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ លោកសង្កេតឃើញថា សិស្សានុសិស្សតែងតែបានចូលយ៉ាងផុសផុល ក្នុងការចូលរួមក្រេបជញ្ជក់ចំណេះដឹង ការអប់រំគុណតម្លៃ-ចលនាអូឡាំពិក ក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយពីដំណើរឆ្ពោះព្រឹត្តិការណ៍ឆ្នាំ២០២៣ នៅកម្ពុជា ហើយគោលដៅផ្សព្វផ្សាយនូវយុទ្ធនាការនេះមានចំនួន ៤ គឺកម្ពុជាស្អាត កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ-គ្រឿងញៀន៕
អត្ថបទ៖ លី ឈុនឡា