រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយនៅថ្ងៃសុក្រនេះថា ជំនួបរបស់លោកជាមួយសមភាគីចិនលោក Wang Yi មានលក្ខណៈស្ថាបនាខ្លាំង ប៉ុន្តែភាគីទាំង ២នៅមានបញ្ហាត្រូវដោះស្រាយទៀត ។
លោក Rubio បន្តថា មាននូវលទ្ធភាពខ្ពស់នៃជំនួបរវាងលោកប្រធានាធិបតី Donald Trump និងសមភាគីចិនរបស់លោកគឺលោក Xi Jinping ប៉ុន្តែកាលបរិច្ឆេតនៅមិនទាន់ពិភាក្សានោះទេ ។
មន្រ្តីការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនរូបនេះដែលស្ថិតនៅប្រទេសម៉ាឡេស៊ីក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់អាស៊ី ចាប់តាំងពីឡើងកាន់តំណែងនោះ កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំក្នុងតំបន់អាស៊ាន ជាមួយសមភាគីមកពីជប៉ុន ចិន កូរ៉េខាងត្បូង រុស្ស៊ី អូស្រ្តាលី ឥណ្ឌា និងសហភាពអឺរ៉ុប ក៏ដូចជារដ្ឋនៅតំបន់អាស៊ី-អាគ្នេយ៍ ។
ជំនួបរបស់លោកជាមួយលោក Wang Yi បានកើតមានឡើង ស្របពេលការរង្កៀសចិត្តគ្នាកើនឡើងនៅទូទាំងសកលលោក ជុំវិញពន្ធរបស់លោក Trump ក្នុងនោះចិនបានព្រមានសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះ ប្រឆាំងការទារពន្ធច្រើនជាងមុនលើទំនិញរបស់ខ្លួននៅខែក្រោយ ៕