ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ បានឲ្យដឹងថា សេវាសំខាន់ៗ ដើម្បីជួយគាំទ្រដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងការដួលរលំ ប្រសិនបើមិនមានមូលនិធិបន្ថែមទេនោះ ដោយការអំពាវនាវរបស់ស្ថាប័ននេះចំនួន ២៥៥លានដុល្លារ ទទួលបានត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ១លាននាក់ បានរស់នៅយ៉ាងណែនណាន់តាន់តាប់ក្នុងជំរុំ នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស ដែលជាកន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។ ប្រជាជនទាំងនោះភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដ៏ឃោរឃៅពីសំណាក់យោធាមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧ ទោះបីជាអ្នកខ្លះ បានរស់នៅទីនោះជាយូរមកហើយក៏ដោយ។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Babar Baloch បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «វាមានគម្លាតយ៉ាងធំ រវាងអ្វីដែលយើងត្រូវការ និងធនធានដែលយើងអាចរកបាន។ គម្លាតថវិកាទាំងនេះ នឹងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដោយសារពួកគេពឹងផ្អែកលើជំនួយមនុស្សធម៌ប្រចាំថ្ងៃ សម្រាប់អាហារ សុខភាព និងការអប់រំ»។
វិស័យមនុស្សធម៌ត្រូវបានប៉ះពាល់ដោយការកាត់បន្ថយការផ្តល់មូលនិធិពីម្ចាស់ជំនួយធំៗ ដែលនាំមុខដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ខណៈដែលពួកគេងាកទៅផ្តល់អាទិភាពលើការចំណាយផ្នែកវិស័យការពារជាតិ។
លោក Baloch បានបញ្ជាក់ថា៖ «ជាមួយនឹងវិបត្តិមូលនិធិសកលធ្ងន់ធ្ងរ តម្រូវការសំខាន់របស់ជនភៀសខ្លួនដែលទើបមកដល់ថ្មី និងអ្នកដែលមានវត្តមានរួចហើយនោះ នឹងមិនត្រូវបានដោះស្រាយឡើយ ហើយសេវាកម្មសំខាន់ៗ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងមូល ប្រឈមនឹងការដួលរលំ ប្រសិនបើមិនមានមូលនិធិបន្ថែមត្រូវបានធានាទេនោះ»៕