នៅថ្ងៃសុក្រនេះ ក្រុមសមាជិកសភាក្រិក បានបោះឆ្នោតបញ្ឈប់បណ្តោះអាសន្នសំណើសុំសិទ្ធិជ្រកកោនពីជនអន្តោប្រវេសន៍ដែលមកដល់តាមសមុទ្រពីអាហ្វ្រិកខាងជើង ដើម្បីកាត់បន្ថយការមកដល់ បន្តដំណើរទៅកាន់តំបន់ជ្រោយភាគខាងត្បូងអឺរ៉ុប គឺជាចំណាត់ការមួយត្រូវបានក្រុមសិទ្ធិមនុស្ស និងគណបក្សប្រឆាំង ចាត់ទុកថាខុសច្បាប់ ។
បំរាមនេះ បានកើតមានឡើង ស្របពេលចំនួនហក់ឡើងខ្ពស់នៃជនអន្តោប្រវេសន៍មកដល់កោះ Crete របស់ក្រិក ហើយនិងក្រោយពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុង Benghazi របស់ប្រទេសលីប៊ី ក្នុងការទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ ។
វាជាការពង្រឹងបន្ថែមទៀតគោលជំហររបស់ក្រិកចំពោះជនអន្តោប្រវេសន៍ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនិយមស្តាំ-កណ្តាលរបស់លោកនាយករដ្ឋមន្រ្តី Kyriakos Mitsotakis ដែលបានកសាងរបងនៅតាមបណ្តោយព្រំដែនដីគោកភាគខាងជើងរបស់ខ្លួន និងបង្កើនការល្បាតតាមសមុទ្រ ចាប់តាំងពីពួកគេបានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៩ ។
ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ក្រិកថា បញ្ជូនក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទៅវិញទាំងបង្ខំ នៅតាមព្រំដែនសមុទ្រ និងព្រំដែនដីគោករបស់ពួកគេ ៕