ឧត្តមសេនីយ៍អាមេរិកមួយរូប បានប្រាប់សារព័ត៌មាន Reuters ថា បណ្ដាប្រទេសសមាជិករបស់អង្គការណាតូ (NATO) នឹងត្រូវការបន្ថែមមីស៊ីលរយៈចម្ងាយឆ្ងាយទៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដើម្បីទប់ស្កាត់រុស្សីកុំឲ្យវាយលុកអឺរ៉ុប ពីព្រោះទីក្រុងមូស្គូត្រូវបានគេរំពឹងថា នឹងបង្កើនការផលិតអាវុធរយៈចម្ងាយឆ្ងាយ។
ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព ក្នុងសង្គ្រាមរបស់ខ្លួន នៅប្រទេសអ៊ុយក្រែន បានបង្ហាញឲ្យមន្ត្រីយោធាលោកខាងលិចឃើញអំពីសារៈសំខាន់របស់អាវុធនោះ ក្នុងការបំផ្លាញប៉ុស្តិ៍បញ្ជាការ មជ្ឈមណ្ឌលដឹកជញ្ជូន និងជើងទម្របាញ់មីស៊ីល នៅឆ្ងាយពីជួរមុខរបស់សត្រូវ។
នៅក្នុងបទសម្ភាសមួយ នៅឯមូលដ្ឋានយោធាអាមេរិក ក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ លោកឧត្តមសេនីយ៍ទោ John Rafferty បានប្រាប់ថា៖ «កងទ័ពរុស្សី មានទំហំធំជាងសព្វថ្ងៃនេះ នៅពេលដែលពួកគេចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន។ ហើយយើងដឹងថា ពួកគេនឹងបន្តវិនិយោគលើគ្រាប់រ៉ូកែត និងមីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាសដ៏ទំនើប។ ដូច្នេះ សមត្ថភាពកាន់តែប្រសើរឡើងរបស់សម្ព័ន្ធភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់»។
សង្រ្គាមនៅអ៊ុយក្រែន បានគូសបញ្ជាក់ពីការពឹងផ្អែកយ៉ាងខ្លាំងរបស់អឺរ៉ុបលើសហរដ្ឋអាមេរិក ក្នុងការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ ដោយទីក្រុងគីវ ស្វែងរកការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន៕