នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) ប្រធានាធិបតីលីបង់ លោក Joseph Aoun បានច្រានចោលការធ្វើប្រក្រតីភាព រវាងប្រទេសរបស់លោក និងអ៊ីស្រាអែល ខណៈពេលដែលបង្ហាញក្តីសង្ឃឹមពីការមានទំនាក់ទំនងសន្តិភាពជាមួយប្រទេសជិតខាងភាគខាងត្បូងនៃទីក្រុង Beirut ដែលនៅតែកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូងលីបង់។
សេចក្តីថ្លែងការណ៍របស់លោក Aoun គឺជាប្រតិកម្មផ្លូវការលើកដំបូង ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar កាលពីសប្តាហ៍មុន ដែលលោកបានបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសរបស់លោក ក្នុងការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយលីបង់ និងស៊ីរី។
បើយោងតាមសេចក្តីថ្លែងការណ៍ដែលចែករំលែកដោយការិយាល័យប្រធានាធិបតី បានឲ្យដឹងថា លោក Aoun បាន «បែងចែកដាច់ដោយឡែកពីគ្នា រវាងសន្តិភាព និងការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនង»។
លោកប្រធានាធិបតីបាននិយាយនៅចំពោះមុខគណៈប្រតិភូមកពីវិទ្យាស្ថានស្រាវជ្រាវអារ៉ាប់ថា៖ «សន្តិភាព គឺជាការមិនស្ថិតក្នុងស្ថានភាពសង្រ្គាម ហើយនេះគឺជាបញ្ហាសំខាន់ សម្រាប់យើង នៅក្នុងប្រទេសលីបង់ នៅពេលនេះ។ ចំពោះបញ្ហានៃការធ្វើឲ្យមានប្រក្រតីភាព បច្ចុប្បន្ននេះមិនមែនជាផ្នែកនៃគោលនយោបាយការបរទេសរបស់លីបង់នោះទេ»។
គួរបញ្ជាក់ថា លីបង់ និងស៊ីរី នៅតែស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៤៨ ដោយទីក្រុង Damascus បានលើកឡើងថា ការពិភាក្សាអំពីការធ្វើឲ្យមានប្រក្រតីភាព គឺ «លឿនពេក»៕