គណៈកម្មាធិការណូបែល នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ បានឲ្យដឹងថា សកម្មជនអ៊ីរ៉ង់ លោកស្រី Narges Mohammadi ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៣ ដោយសារការតស៊ូរបស់លោកស្រី សម្រាប់ស្ត្រី និងសិទ្ធិមនុស្ស នៅក្នុងប្រទេសអ៊ីរ៉ង់ បានទទួលការគំរាមកំហែងសម្លាប់ពីទីក្រុងតេអេរ៉ង់។
លោកស្រី Mohammadi ដែលបានចំណាយពេលដោយភាគច្រើនក្នុងទសវត្សរ៍កន្លងមកនេះ នៅក្នុងការជាប់ឃុំនោះ ត្រូវបានដោះលែងពីពន្ធនាគារ Evin នៃទីក្រុងតេអេរ៉ង់ កាលពីខែធ្នូឆ្នាំមុន ដោយមានរយៈពេលកំណត់ ដើម្បីសម្រាកព្យាបាលជំងឺ ដោយក្រុមមេធាវីរបស់លោកស្រី បានព្រមានម្តងហើយម្តងទៀតថា លោកស្រីអាចត្រូវបានចាប់ខ្លួនម្តងទៀតនៅពេលណាក៏បាន។
ប្រធានគណៈកម្មាធិការណូបែលន័រវ៉ែស លោក Jorgen Watne Frydnes បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានទទួល «ការហៅទូរស័ព្ទបន្ទាន់មួយ» ពីលោកស្រី Mohammadi វ័យ ៥៣ឆ្នាំ ដែលបាននិយាយថា ជីវិតរបស់នាងឥឡូវនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់។
លោកបាននិយាយថា សារច្បាស់ៗ នៅក្នុងពាក្យសម្ដីរបស់លោកស្រីផ្ទាល់ គឺថា លោកស្រីត្រូវបានគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោល ជាមួយនឹងពាក្យ «ធ្វើឲ្យបាត់រូបរាងកាយ» ពីសំណាក់ភ្នាក់ងារនៃរបបនេះ។
គណៈកម្មាធិការបានប្រាប់ថា ស្ថាប័នមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការគំរាមកំហែងលើលោកស្រី Mohammadi និង «ពលរដ្ឋអ៊ីរ៉ង់ទាំងអស់ដែលបញ្ចេញសំឡេងរិះគន់ ហើយអំពាវនាវឲ្យអាជ្ញាធរការពារ មិនត្រឹមតែជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេផងដែរ»៕