នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីជំងឺអេដស៍ និងវីរុសហ៊ីវ អង្គការសហប្រជាជាតិ(UN) បានព្រមានថា លុះត្រាតែមានការជំនួសមូលនិធិ បើពុំដូច្នោះទេ ការបញ្ឈប់ជំនួយដោយរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អាចនឹងបញ្ច្រាស់ទិសវឌ្ឍនភាពរាប់ទសវត្សរ៍លើវីរុសហ៊ីវ ។
យោងតាមការធ្វើបច្ចុប្បន្នភាពលើជំនួយសកលឆ្នាំ ២០២៥ដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីកាត់ជំនួយ អាចនឹងបណ្តាលឲ្យមានការឆ្លងវីរុសហ៊ីវ ៦លាននាក់បន្ថែមទៀត ហើយអ្នកផ្ទុកជំងឺអេដស៍ ៤លាននាក់ នឹងត្រូវស្លាប់នៅឆ្នាំ ២០២៩ ។
របាយការណ៍របស់ UNAIDS បានឲ្យដឹងថា កម្មវិធីវីរុសហ៊ីវនៅតាមប្រទេសរកប្រាក់ចំណូលទាបនិងមធ្យម ត្រូវបានរង្គោះរង្គើរដោយសារការបង្អាក់ហិរញ្ញវត្ថុភ្លាមៗមួយនេះ ដែលគំរាមកំហែងបញ្ច្រាស់ទិសវឌ្ឍនភាពច្រើនឆ្នាំ ក្នុងការឆ្លើយតបនឹងវីរុសហ៊ីវ ។
របាយការណ៍នេះ បន្តថា សង្រ្គាម និងជម្លោះដែលពង្រីកវិសមភាពសេដ្ឋកិច្ច ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងបម្រែបម្រួលអាកាសធាតុ នឹងបង្កអស្ថិរភាព និងភាពតានតឹងនៃកិច្ចសហប្រតិបត្តិការពហុភាគី ។
យោងតាមសេចក្តីរាយការណ៍ខាងលើ បានឲ្យដឹងថា មនុស្សកើតវីរុសហ៊ីវ និងអ្នកដែលស្លាប់ដោយសារជំងឺអេដស៍ ស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេល ៣០ឆ្នាំ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅដំណាច់ឆ្នាំ ២០២៤ ការធ្លាក់ចំនួនមនុស្សស្លាប់ មិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ ២០៣០ ៕