បាល់ទាត់៖ សមាជិកថ្មីរបស់ក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ឡុង ភារ៉ាត និង Mizuno Hikaru បានសម្ដែងនូវសេចក្ដីរីករាយដែលបានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ សម្រាប់ត្រៀមការប្រកួតរដូវកាលថ្មីនាឆ្នាំ២០២២ ខាងមុខ។ ចំពោះខ្សែប្រយុទ្ធវ័យក្មេង ឡុង ភារ៉ាត បានឲ្យដឹងថា ក្រោយឆ្លងកាត់ការហ្វឹកហាត់ជាមួយទ្រនំថ្មីប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យរូបគេមានភាពកក់ក្ដៅដោយសារការរីករាយរាក់ទាក់ និងស្វាគមន៍យ៉ាងល្អពីថ្នាក់ដឹកនាំ គ្រូបង្វឹក ក៏ដូចជាកីឡាករមិត្តរួមក្រុមទាំងអស់។

ភារ៉ាត បន្ដថា មូលហេតុដែលខ្លួនសម្រេចចិត្តចូលរួមជាមួយក្រុមជើងឯករងឆ្នាំចាស់នេះ ក៏ព្រោះគេមើលឃើញពីចំណុវិជ្ជមានជាច្រើន ពិសេសភាពស្វាហាប់លើទីលាន ទាំងការហ្វឹកហាត់ និងការប្រកួត។ ដូច្នេះគេរំពឹងថា នឹងធ្វើឲ្យអាជីពបាល់ទាត់របស់ខ្លួនកាន់តែប្រសើរ បន្ទាប់ពីផ្លាស់ប្ដូរមកទីនេះ។ ចំណែកខ្សែការពារជនជាតិជប៉ុន Mizuno Hikaru បានបង្ហាញនូវមោទនភាពដែលខ្លួនបានត្រឡប់មកជួយក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី បន្ទាប់ពីខ្លួនបានចាកចេញជាច្រើនរដូវកាលកន្លងមក។ Mizuno អះអាងថា ខ្លួនកំពុងទន្ទឹងរង់ចាំការប្រកួតរដូវកាលថ្មីមកដល់ ហើយថា ព្រះខ័នរាជស្វាយរៀងក៏ស័ក្ដិសមនឹងឈ្នះជើងឯកផងដែរ។
បន្ថែមលើនេះ អតីតសមាជិកក្រុមនាគខៀវបឹងកេតដដែលបានបង្ហាញនូវការរំភើបរីករាយ ដែលបានលេងជាមួយកីឡាករព្រះខ័នរាជស្វាយរៀងដែលសម្បូរដោយកីឡាករមានសមត្ថភាព ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អទៀតផង។ Mizuno បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អបំផុតដើម្បីនាំមកនូវលទ្ធផលល្អជូនក្លិប ក៏ដូចជាអ្នកគាំទ្រ៕
អត្ថបទ៖ លី ឈុនឡា