ក្រសួងការបរទេសបានចាប់ផ្តើមបណ្តេញបុគ្គលិកជាង១.៣៥០នាក់មានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១១ កក្កដា ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ជំរុញឱ្យមានការផ្លាស់ប្តូរក្រុមការទូតរបស់ខ្លួនមិនធ្លាប់មានពីមុនមក ជាចំណាត់ការមួយដែលក្រុមអ្នករិះគន់បាននិយាយថានឹងធ្វើឱ្យអន្តរាយដល់សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការការពារនិងជំរុញផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅបរទេស។ ការកាត់រំសាយបុគ្គលិក ធ្វើឲ្យប៉ះពាល់ដល់មន្ត្រីចំនួន១.១០៧នាក់ និងមន្ត្រីបម្រើការបរទេសចំនួន ២៤៦នាក់មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្វើឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងរកមធ្យោបាយដោះស្រាយនឹងវិបត្តិជាច្រើននៅលើឆាកពិភពលោក ដូចជាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជម្លោះតំបន់ហ្កាហ្សារយៈពេលជិតពីរឆ្នាំ និងតំបន់មជ្ឈឹមបូព៌ាស្ថិតនៅលើមាត់ជ្រោះដោយសារតែភាពតានតឹងខ្ពស់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ សេចក្តីជូនដំណឹងផ្ទៃក្នុងរបស់ក្រសួងការបរទេសដែលត្រូវបានផ្ញើទៅបុគ្គលិកការងារបាននិយាយថា «ក្រសួងកំពុងសម្រួលប្រតិបត្តិការក្នុងស្រុកដើម្បីផ្តោតសំខាន់លើអាទិភាពផ្នែកការទូត»។ សេចក្តីជូនដំណឹងបានបន្ថែមថា «ការកាត់បន្ថយចំនួនបុគ្គលិក ត្រូវបានសម្រួលដោយប្រុងប្រយ័ត្នប៉ះពាល់ដល់មុខងារដែលមិនមែនស្នូល និងការិយាល័យស្ទួនឬលើស ដែលអាចត្រូវបានរកឃើញ»។ យោងតាមការជូនដំណឹង និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថា ការកាត់បន្ថយបុគ្គលិកការងារសរុបនឹងមានជិត៣.០០០នាក់រួមទាំងការចាកចេញដោយស្ម័គ្រចិត្តក្នុងចំណោមបុគ្គលិក១៨.០០០នាក់ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ចំណាត់ការនេះគឺជាជំហានដំបូងនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលលោក Trump បានព្យាយាមដើម្បីធានាថាគោលនយោបាយការបរទេសគឺស្របតាមរបៀបវារៈ «America First» របស់លោក។

