ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ កាលពីថ្ងៃសុក្រ ខណៈសំណួរជាច្រើនត្រូវបានសួរជុំវិញការឆ្លើយតបរបស់អាជ្ញាធរចំពោះទឹកជំនន់ដ៏គំហុក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១២០នាក់ស្លាប់ រួមទាំងកុមាររាប់សិបនាក់។
មេដឹកនាំគណបក្សសាធារណរដ្ឋ និងស្ត្រីទីមួយ លោកស្រី Melania Trump បានឡើងជិះលើយន្តហោះ Air Force One ក្នុងដំណើរឆ្ពោះទៅជួបជាមួយក្រុមអ្នកឆ្លើយតបដំបូង ក្រុមគ្រួសារ និងមន្ត្រីមូលដ្ឋាននៅភាគកណ្តាលរដ្ឋតិចសាស់ មួយសប្តាហ៍បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនិងទឹកទន្លេហៀរច្រាំងដែលបានហូរនាំលំនៅឋាន ជំរំ យានយន្ត និងមនុស្ស។

លោកប្រធានាធិបតី និងស្ត្រីទី១ បានទៅកាន់ក្រុង Kerrville ជាទីក្រុងមួយនៅក្នុងតំបន់ Kerr រងផលប៉ះពាល់ខ្លាំងបំផុតដែលមនុស្សយ៉ាងហោចណាស់៩៦នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ដោយសារទឹកជំនន់ជាប្រវត្តិសាស្ត្រនេះ។
ការស្វែងរកអ្នកបាត់ខ្លួនជាង១៧០នាក់ រួមទាំងក្មេងស្រី៥នាក់ដែលស្ថិតនៅក្នុងជំរំរដូវក្តៅ បានឈានចូលថ្ងៃទី៨ ខណៈក្រុមជួយសង្គ្រោះបានស្វែងរកតាមគំនរកម្ទេចកម្ទីនិងដីល្បប់។ ប៉ុន្តែដោយការជួយសង្គ្រោះគ្មានអ្នកដែលនៅរស់ត្រូវបានរាយការណ៍ក្នុងសប្តាហ៍នេះ ក្តីបារម្ភបានកើនឡើងថាចំនួនអ្នកស្លាប់អាចនៅតែកើនឡើង។
