អ្នកប្រយុទ្ធមកពីគណបក្សពលករឃឺដ ឬ PKK បានដុតបំផ្លាញអាវុធរបស់ពួកគេកាលពីថ្ងៃសុក្រ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីការចាប់ផ្តើមដំណើរការរំសាយអាវុធដែលមានន័យថាបញ្ចប់ការបះបោរដ៏បង្ហូរឈាមរយៈពេលបួនទសវត្សរ៍ប្រឆាំងប្រទេសទួរគី។ រូបភាពនៃពិធីនេះចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយគណបក្ស PKK ដោយបានបង្ហាញអ្នកប្រយុទ្ធប្រហែល៣០នាក់ក្នុងភាពនឿយហត់ ដោយបានដាក់កាំភ្លើងវែង ចូលទៅក្នុងធុងមួយ ដែលក្រោយមកបានដុតបំផ្លាញ។

មន្ត្រីឃឺដ អ៊ីរ៉ាក់ និងទួរគី បានឃ្លាំមើលនៅក្បែរនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលអានខ្លាំងៗជាភាសាទួរគី សហប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស PKK លោក Beze Hozat បាននិយាយថា «យើងស្ម័គ្រចិត្តបំផ្លាញអាវុធរបស់យើងនៅមុខវត្តមានរបស់អ្នក ជាចំណាត់ការនៃសុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»។
ក្រុមនេះបានសម្រេចចិត្តក្នុងខែឧសភាដើម្បីរំលាយក្រុម និងរំសាយអាវុធបន្ទាប់ពីការអំពាវនាវជាសាធារណៈឱ្យធ្វើដូច្នេះពីមេដឹកនាំដែលជាប់ពន្ធនាគារយូររបស់ខ្លួន លោក Abdullah Ocalan ។ មន្ត្រីជាន់ខ្ពស់ទួរគីបាននិយាយថា ការប្រគល់សព្វាវុធបានបង្ហាញ «ចំណុចរបត់ដែលមិនអាចត្រឡប់វិញបាន» នៅក្នុងដំណើរការសន្តិភាព។ ការបះបោរបានសម្លាប់មនុស្សជាង ៤០.០០០នាក់ ដាក់បន្ទុកសេដ្ឋកិច្ច និងបានធ្វើឱ្យមានការខ្វែងគំនិតគ្នាផ្នែកនយោបាយនិងសង្គមយ៉ាងជ្រៅនៅក្នុងប្រទេសទួរគី និងតំបន់ដ៏ធំទូលាយ។
