អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសយ៉ាងដាច់អង្ការចំពោះការបន្តការវាយប្រហារលើនាវាស៊ីវិលនៅសមុទ្រក្រហម ដោយក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន។
អ្នកនាំពាក្យ Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារពន្លិច នាវាពាណិជ្ជកម្មពីរគ្រឿង រួមជាមួយនឹងការស្លាប់របស់នាវិកយ៉ាងហោចណាស់ ៤នាក់ និងរបួសដល់អ្នកផ្សេងទៀត គឺជាការកើនឡើងភាពតានតឹងថ្មីដ៏គ្រោះថ្នាក់ នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា ដោយមានសមាជិកនាវិកយ៉ាងហោចណាស់ ១៥នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន លោក ហ្គុយតឺរេស អំពាវនាវឲ្យក្រុមហ៊ួទី កុំចាត់វិធានការណាមួយ ដែលរារាំងដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលកំពុងបន្ត សម្រាប់នាវិកដែលកំពុងបាត់ខ្លួនទាំងនោះ។
លោក Dujarric បានលើកឡើងថា៖«លើសពីការវាយប្រហារដែលមិនអាចទទួលយកបានលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកដំណើរតាមសមុទ្រ សកម្មភាពទាំងនេះ ក៏បានរំលោភលើសេរីភាពនៃការធ្វើនាវាចរណ៍ ដោយបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ការដឹកជញ្ជូនតាមសមុទ្រ និងហានិភ័យធ្ងន់ធ្ងរនៃការខូចខាត ផ្នែកបរិស្ថាន សេដ្ឋកិច្ច និងមនុស្សធម៌ចំពោះបរិស្ថានឆ្នេរសមុទ្រ ដែលងាយរងគ្រោះរួចហើយនេះ»។
