ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដឹងពីការស្លាប់រប0ស់ពលរដ្ឋអាមេ រិកម្នាក់ នៅតំបន់វេសបែង ( West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកតាំងលំនៅអ៊ីស្រាអែល បានវាយដំជនជាតិអាមេរិកប៉ាឡេស្ទីនរហូតដល់ស្លាប់។

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA ដែលដកស្រង់សម្តីពីក្រសួងសុខាភិបាលក្នុងតំបន់នេះ បាននិយាយថា យុវជន Saif Al-Din Kamel Abdul Karim Musallat អាយុ២០ឆ្នាំ បានស្លាប់ បន្ទាប់ពីរូបគេ ត្រូវបានវាយដំដោយអ្នកតាំងលំនៅអ៊ីស្រាអែល កាលពីល្ងាចថ្ងៃសុក្រ ក្នុងការវាយប្រហារមួយ ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់រងរបួសនៅក្នុងទីក្រុងមួយភាគខាងជើងនៃទីក្រុងរ៉ាម៉ាឡា (Ramallah)។
សាច់ញាតិរបស់លោក Musallat ដែលមកពីទីក្រុង Tampa នៃរដ្ឋហ្វ្លរីដា ( Florida)ក៏ត្រូវបានដកស្រង់ដោយសារព័ត៌មាន Washington Post ផងដែរ ដោយនិយាយថា Musallat ត្រូវបានវាយដំ រហូតដល់ស្លាប់ ដោយអ្នកតាំងលំនៅអ៊ីស្រាអែល។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា៖«យើងដឹងអំពីរបាយការណ៍នៃការស្លាប់របស់ពលរដ្ឋអាមេរិកនៅតំបន់វេសបែង» ដោយបន្ថែមថា ក្រសួង មិនមានការអត្ថាធិប្បាយបន្ថែមទៀត «ដោយសារការគោរពឯកជនភាពរបស់គ្រួសារ និងមនុស្សជាទីស្រឡាញ់» របស់ជនរងគ្រោះដែលបានរាយការណ៍នោះទេ។
