សហភាពអឺរ៉ុប កំពុងស្វែងរកមធ្យោបាយ ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីកែលម្អស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ខណៈដែលប្រទេសសមាជិក បានថ្លឹងថ្លែងលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល លើអ្វីដែលពួកគេមើលឃើញថា ជាការរំលោភសិទ្ធិមនុស្សដែលអាចកើតមាន។
សេវាការទូតរបស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញជម្រើសចំនួន ១០ សម្រាប់សកម្មភាពនយោបាយប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីបាននិយាយថា ខ្លួនបានរកឃើញ«ភ័ស្តុតាង» កាលពីខែមុនដែលថាអ៊ីស្រាអែលបានរំលោភលើកាតព្វកិច្ចសិទ្ធិមនុស្ស ក្រោមកិច្ចព្រមព្រៀងដែលគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួន ជាមួយប្លុកនេះ។

នៅក្នុងឯកសារដែលបានរៀបចំសម្រាប់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងមើលឃើញដោយ ភ្នាក់ងារសារព័ត៌មានរ៉យទ័រ ជម្រើសរួមមានជំហានសំខាន់ៗដូចជាការព្យួរកិច្ចព្រមព្រៀងសមាគម EU-អ៊ីស្រាអែលដែលរួមបញ្ចូលទំនាក់ទំនងពាណិជ្ជកម្ម និងចំណាត់មួយចំនួន ដូចជាការផ្អាកគម្រោងបច្ចេកទេសជាដើម។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃសុក្រថា ជម្រើសត្រូវបានរៀបចំជាការឆ្លើយតបទៅនឹងរដ្ឋសមាជិក ដែលចង់បានសម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល ដើម្បីកែតម្រូវការរងទុក្ខរបស់ជនស៊ីវិលនៅក្នុងសង្គ្រាមដែលមានរយៈពេល ២១ ខែ នៅតំបន់ហ្កាហ្សា។
