នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃសុក្រថា ពិតជាមានសារៈសំខាន់ក្នុងការបន្តអាណត្តិរបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) រយៈពេលមួយឆ្នាំទៀត សម្រាប់តួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការលើកកម្ពស់ស្ថិរភាព នៅភាគខាងត្បូងប្រទេសលីបង់។
ក្នុងជំនួបជាមួយគណៈប្រតិភូ EU ដឹកនាំដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសលីបង់ លោក Sandra De Waele លោក Salam បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការអះអាងនូវសិទ្ធិអំណាចរបស់ខ្លួន នៅទូទាំងទឹកដីលីបង់ ស្របតាមកិច្ចព្រមព្រៀង Taif និងសេចក្តីថ្លែងការរបស់រដ្ឋមន្ត្រី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ (NNA)។

សារព័ត៌មាន NNA បានរាយការណ៍ថា លោក Salam បានផ្តល់ព័ត៌មានលម្អិតដល់គណៈប្រតិភូអំពីទិសដៅកំណែទម្រង់បច្ចុប្បន្នរបស់រដ្ឋាភិបាល និងវិធានការសំខាន់ៗដែលរំពឹងថា នឹងត្រូវបានអនុវត្ត នៅក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ។
NNA បានរាយការណ៍ថា គណៈប្រតិភូសហភាពអឺរ៉ុប បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះប្រទេសលីបង់ ដោយបានបន្តគាំទ្រសម្រាប់របៀបវារៈកំណែទម្រង់របស់ប្រទេស ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងតុលាការ។
