លោក Gabriel Fischer ទីប្រឹក្សាកិច្ចការអឺរ៉ុបរបស់ប្រធានគណបក្សសំឡេងសង្គមប្រជាធិបតេយ្យ( Voice-Social Democracy)នៃប្រទេសស្លូវ៉ាគី និងតំណាងក្រុមប្រឹក្សាជាតិស្លូវ៉ាគីប្រចាំសហភាពអឺរ៉ុប បានសរសើរគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ប្រទេសចិន ដោយបង្ហាញពីមូលដ្ឋានគ្រឹះនៃសសរស្តម្ភ សំខាន់ៗ ជាពិសេសតម្លៃមនុស្សរួមគ្នា។
លោកបានសង្កត់ធ្ងន់ថា គុណតម្លៃដូចជា សេរីភាព សន្តិភាព លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ភាពត្រឹមត្រូវនិងការយោគយល់គ្នា គឺជាកត្តាចាំបាច់ ក្នុងការជំរុញកិច្ចសន្ទនាអន្តរវប្បធម៌។ លោក Fischer បាននិយាយថា៖«ជម្លោះភាគច្រើនដែលកើតឡើង នៅក្នុងពិភពលោក គឺផ្តើមចេញពីការយល់ច្រឡំក្នុងចំណោមអរិយធម៌»។«ប្រសិនបើយើងមិនយល់ពីដៃគូរបស់យើង គោលដៅឬផលប្រយោជន៍របស់ពួកគេ យើងពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការបង្កើតការសន្ទនាជាមួយគ្នា» ។

នៅពេលត្រូវបានសួរអំពីតួនាទីនៃការសន្ទនាវប្បធម៌ក្នុងអរិយធម៌ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ អំឡុងពេលសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកិច្ចសន្ទនាអរិយធម៌សកល នៅទីក្រុងប៉េកាំង លោក Fischer បានហៅការសន្ទនាក្នុងចំណោមអរិយធម៌ថា ជា«កត្តាសន្តិភាពដ៏សំខាន់ដែលយើងអាចបង្កើតបានឡើង»។ លោកបានបន្ថែមថា៖«វេទិកានេះ ផ្តល់ឲ្យយើងនូវឱកាស ដើម្បីស្វែងយល់គ្នាទៅវិញទៅមក និងស្វែងយល់អំពីជំហររបស់យើងទាំងអស់គ្នា»។
