យោងតាមប្រភពវេជ្ជសាស្រ្ត បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១១០នាក់ នៅក្នុងការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ រួមទាំងមនុស្ស ៣៤នាក់ ដែលកំពុងរងចាំចំណែកអាហារនៅទីតាំងចែកចាយជំនួយរបស់មូលនិធិមនស្សធម៌ហ្កាហ្សា(GHF) គាំទ្រដោយសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុងភាគខាងត្បូង Rafah ។

ការសម្លាប់រង្គាលជនប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍នេះដែរ បានកើតមាន ស្របពេលដែលវឌ្ឍនភាពក្នុងកិច្ចប្រជុំបទឈប់បាញ់នៅប្រទេសកាតា បានជាប់គាំង ហើយការថ្កោលទោសកើនឡើងចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការជម្លៀសទាំងបង្ខំនូវមនុស្សទាំងអស់ ក្នុងដែនដីបិទច្រកមួយនេះ ។
នៅទីក្រុង Rafah អ្នករស់រានពីការវាយប្រហារ និងសាក្សីនិយាយថា កងកម្លាំងអ៊ីស្រាអែល បាញ់រះដោយឥតញញឹតដៃលើជនប៉ាឡេស្ទីន ក្នុងតំបន់ al-Shakoush នៅមុខទីតាំងចែកចាយជំនួយរបស់ GHF ដែលអង្គការសហប្រជាជាតិ(UN) និងក្រុមសិទ្ធិមនុស្សនិយាយថាជា “ឃ្លាំងសម្លាប់មនុស្ស” និងជា “អន្ទាក់មរណៈ” ។
លោក Samir Shaat ដែលរស់រានពីការវាយប្រហារ បាននិយាយរៀបរាប់ពី “ថ្លុកឈាម”នៅទីតាំងចែកចាយជំនួយរបស់របស់ GHF ហើយលោកនិយាយថា ជនរងគ្រោះត្រូវបានគេរុំក្នុងថង់ដែលពួកគេសង្ឃឹមថា នឹងទទួលបានជំនួយ ៕
