កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាសពីការបាញ់មីស៊ីល ចុងក្រោយបង្អស់របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ជាលើកដំបូងចាប់តាំងពីខែតុលាមក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានហៅគ្រាប់ផ្លោងដែលប្រទេសជិតខាងកំពុងសង្ស័យថា ជាមីស៊ីលអន្តរទ្វីបបាលីស្ទីកនោះថាជា "មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង" ហើយបាននិយាយថា មីស៊ីលនោះបានរត់ក្នុងចម្ងាយ ៧០០គីឡូម៉ែត្រដើម្បីវាយប្រហារគោលដៅរបស់ខ្លួន។

មីស៊ីលនេះបានធ្លាក់ក្នុងទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន ដែលនាំឲ្យមានការថ្កោលទោសពីទីក្រុងសេអ៊ូល និងតូក្យូ។ អង្គការសហប្រជាជាតិ បានហាមប្រាមកូរ៉េខាងជើង មិនឲ្យបាញ់សាកល្បងមីស៊ីលបាលីស្ទីក និងអាវុធនុយក្លេអ៊ែរឡើយ។ មេដឹកនាំវ័យក្មេងអាយុ ៣៧ឆ្នាំរបស់កូរ៉េខាងជើងលោក Kim Jong-un នៅតែបន្តការប្តេជ្ញាពង្រឹងវិស័យការពារជាតិរបស់កូរ៉េខាងជើង។ ប្រទេសឯកោមួយនេះបានបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទកាលពីឆ្នាំមុន ស្របពេលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាប់គាំង។ ការបាញ់ចុងក្រោយបង្អស់ដែលជាលើកដំបូងចាប់តាំងពីសុន្ទរកថាចូលឆ្នាំថ្មីដែលលោក Kim កំណត់អាទិភាពគោលនយោបាយសម្រាប់ឆ្នាំ២០២២ ត្រូវបានរាយការណ៍ជាលើកដំបូងដោយឆ្មាំឆ្នេរសមុទ្រជប៉ុនកាលពីព្រឹកថ្ងៃពុធ មុនពេលត្រូវបានបញ្ជាក់ដោយអាជ្ញាធរការពារជាតិនៅទីក្រុងសេអ៊ូល៕
អត្ថបទ៖ សុខមាន