នៅថ្ងៃអាទិត្យនេះ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានចាកផ្សាយរូបភាពវីដេអូឃ្លីបមេដឹកនាំ Kim Jong Un ជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងតំបន់ឆ្នេរភាគខាងកើត Wonsan ជាទីដែលកាលពីពេលថ្មីៗនេះ លោកបានបើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់តំបន់ទេសចរណ៍តំបន់ឆ្នេរថ្មី Wonsan Kalma ។
ជំនួបជាមួយមន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ីនេះដែរ ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានឲ្យដឹងថា លោក Kimបានបញ្ជាក់ឡើងវិញដល់លោក Lavrov ថា ប្រទេសរបស់លោក ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រដោយឥតលក្ខខណ្ឌចំពោះវិធានការទាំងអស់របស់ទីក្រុងម៉ូស្គូ ក្នុងការដោះស្រាយជម្លោះនៅប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសទាំង ២ ចូលរួមកិច្ចប្រជុំយុទ្ធសាស្រ្តកម្រិតខ្ពស់ ។

កាលពីថ្ងៃសៅរ៍ម្សិលមិញ សារព័ត៌មានរុស្ស៊ី រាយការណ៍ថា លោក Lavrov បានចាត់ទុកទំនាក់ទំនងទ្វេភាគីថាជា “ភាពបងប្អូនមិនអាចកាត់ថ្លៃបាន” នៅក្នុងជំនួបជាមួយលោក Kim ហើយនិងបានថ្លែងអំណរគុណលោកសម្រាប់ទាហានកូរ៉េខាងជើងដែលបានបញ្ជូនទៅកាន់រុស្ស៊ី ។
នៅមុននេះ លោក Lavrov បានជួបជាមួយសមភាគីកូរ៉េខាងជើងលោក Choe Son Hui នៅទីក្រុង Wonsan ផងដែរ ។
KCNA រាយការណ៍ថា អ្នកទាំង ២ បានចេញនូវសេចក្តីថ្លែងការណ៍រួម សន្យាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ៕
