ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅក្នុងសុន្ទរកថានាពេលយប់របស់លោកក្នុងទីក្រុងគីវថា រុស្ស៊ី បានបើកការវាយប្រហារប្រទេសរបស់លោកម្តងទៀតកាលពីយប់ថ្ងៃសៅរ៍ ក្រោយការវាយប្រហារយានដ្រូន Shahed ចំនួន ៣៣៩គ្រឿង កាលពីយប់ថ្ងៃសុក្រ ។
ការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ គឺជាការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

ការវាយប្រហារកាលពីយប់ថ្ងៃសុក្រ មានគោលដៅលើបណ្តាទីក្រុងភាគខាងលិច ដោយបានសម្លាប់មនសុ្សយ៉ាងហោច ២នាក់នៅទីក្រុង Chernivtsi ស្ថិតនៅជាប់ព្រំដែនប្រទេសរ៉ូម៉ានី ។
លោក Zelenskiy និយាយនៅព្រឹកថ្ងៃសៅរ៍ថា រុស្ស៊ី បើកការវាយប្រហារយានដ្រូន ៥៩៧គ្រឿង និងមីស៊ីល ២៦គ្រាប់ ដោយបានសម្លាប់មនុស្ស ២នាក់ បណ្តាលឲ្យមនុស្សរងរបួស ២០នាក់ និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ចាប់ពីទីក្រុង Kharkiv និងទីក្រុង Sumy ស្ថិតនៅភាគឦសាន រហូតដល់ទីក្រុង Lviv, Lutsk និងទីក្រុង Chernivtsi ស្ថិតនៅភាគខាងលិចប្រទេស ។
លោក Zelenskiy និយាយថា លោកកំពុងបន្តស្វែងរកការគាំទ្រ និងជិឈានដល់កិច្ចព្រមព្រៀងលើប្រព័ន្ធប្រឆាំងមីស៊ីល Patriot និងមីស៊ីល សម្រាប់កងកម្លាំងអ៊ុយក្រែន ។
ដោយឡែក កងទ័ពអាកាសនិយាយថា អង្គភាពការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីល ២៥គ្រាប់ និងយានដ្រូន Shahed ចំនួន ៣១៩គ្រឿង ៕
