នៅព្រឹកថ្ងៃទី១៣កក្កដានេះ បុគ្គលិកមន្ត្រី នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងព្រះសង្ឃ អាជ្ញាធរមូលដ្ឋានជាច្រើនរូបនាំគ្នាប្រារព្ធពិធីទូងស្គរ អបអរសារ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងអតីតមន្ទីរឃុំឃាំង ម-១៣ បានចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
លោក អ៊ុច កុសល ប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ថា តំណាងឲ្យថ្នាក់ដឹកនាំ និងបុគ្គល មន្ត្រីរាជការ នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅរាជធានីភ្នំពេញ គឺក្តីសប្បាយរីករាយខ្លាំង ដែលមជ្ឈមណ្ឌលមួយនេះ បានចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមគ្នាជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង អតីតមន្ទីរឃុំឃាំង ម-១៣ ហើយតាមរយៈការចុះបញ្ជីនេះ នឹងជួយផ្សព្វផ្សាយកិត្តិនាមទៅលើឆាកអន្តរជាតិ ក៏ដូចជាការធានាបាននូវការអភិរក្ស និងអភិវឌ្ឍមជ្ឈមណ្ឌលនេះឲ្យមានការរីកចម្រើនស្ថិតស្ថេរ គង់វង្សតរៀងទៅ។
ព្រះសង្ឃ និងពលរដ្ឋធ្លាប់ជាប់ឃុំក្នុងរបបប៉ុល ពត លើកឡើងថា ការដាក់បូជនីយដ្ឋានចងចាំនៃកម្ពុជា តំណាងធំៗចំនួន៣ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នៅទីក្រុងបារីស ប្រទេសបារំាងនេះ នឹងបង្កើនការជួយថែរក្សា និងបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត នៃការចងចាំ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ និងមនុស្សជាតិទូទាំងពិភពលោក រាប់ពាន់ឆ្នាំតទៅមុខឲ្យយល់ដឹងពីវិនាសកម្ម អំពើឧក្រិដ្ឋកម្ម ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕ អត្ថបទ ស៊ុម សុខជា









