ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ(AEMET) បានចេញសេចក្តីប្រកាសអាសន្នកម្រិតព័ត៌មានក្រហមចន្លោះពេលយប់ថ្ងៃសុក្រ និងយប់ថ្ងៃសៅរ៍ ពេលដែលភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានការការជន់លិចដ៏គំហុក ហើយព្យុះទឹកកក ត្រូវបានគេរំពឹងថានឹងកើតមាននៅតាមតំបន់ជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ ។
ទឹកជំនន់ និងឧបទ្ទេវហេតុជាច្រើន បានកើតមាននៅទីក្រុង Tarazona ជិតតំបន់ Saragossa កាលពីថ្ងៃសុក្រ ក្នុងនោះអង្គភាពយោធាអេស្ប៉ាញ បានបូមទឹកចេញពីស្ពានរងការជន់លិច ។
ចំណែកឯតំបន់ Catalonia បានជន់លិចផងដែរ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីរយៈពេល ១ថ្ងៃមុន ។

រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃសៅរ៍ ពីសេវាកម្មពន្លត់អគ្គិភ័យអេស្ប៉ាញ ឃើញផ្លូវថ្នល់ និងតំបន់វាលទំនាប រងការជន់លិចយ៉ាងធ្ងន់ធ្ងរ ក្រោយទីភ្នាក់ងារAEMET បានចេញសេចក្តីប្រកាសអាសន្នកម្រិតព័ត៌មានក្រហម ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម នាយកដ្ឋានពន្លត់អគ្គិភ័យតំបន់ Catalonia និយាយថា ពួកគេទទួលបានការហៅចូលទូរស័ព្ទជាង ២០០លើក ដោយសារមានព្យុះ ហើយនិងបានចុះប្រតិបត្តិការឧទ្ធម្ភាគចក្រ ដើម្បីសង្រ្គោះបន្ទាន់ ៕
