ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍កាលពីថ្ងៃសៅរ៍ថា ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា វាយប្រហារខេត្តភាគខាងត្បូង Fujian ប្រទសចិន បណ្តាលឲ្យជាប់ខ្លួនប្រជាពលរដ្ឋ ពន្យាពេលសេវាកម្មរថភ្លើង និងរំលំដើមឈើ បង្ខំឲ្យប្រព័ន្ធបង្ហូរលូរដំណើរការពេញសមត្ថភាព តាមតំបន់ទាបៗ ។
CCTV រាយការណ៍ថា រដ្ឋធានី Xiamen ក្នុងខេត្ត Fujian រកឃើញភ្លៀងធ្លាក់កម្ពស់ជាង ១៩៥មីលីម៉ែត្រ ចន្លោះម៉ោង ៨យប់ ថ្ងៃទី ១០ ខែកក្កដា និងម៉ោង ៣រសៀល ថ្ងៃទី ១១ ខែកក្ដា ដែលបំបែកកំណត់ត្រាខែកក្កដាលើកមុន ចាប់តាំងពីឆ្នាំ ១៩៦១មក ។

រូបភាពវីដេអូឃ្លីបដែលចាក់ផ្សាយដោយ CCTV ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជួយសង្រ្គោះអ្នកស្រុកជាប់ខ្លួននៅក្នុងទឹកត្រឹមចង្កេះ នៅតាមទីក្រុងជាច្រើន ហើយបុគ្គលិកក្រុមថែទាំផ្លូវហាយវ៉េ នាំគ្នាបោសសម្អាតដើមឈើបាក់រលំ ស្របពេលមានភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តោយផ្លូវហាយវ៉េ ។
មន្ទីរផ្លូវរថភ្លើង Nanchang បានចេញសេចក្តីប្រកាសអាសន្នពណ៌ខៀវពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ ក្នុងនោះរថភ្លើងជាច្រើនខ្សែឆ្លងកាត់ខេត្ត Fujian ត្រូវបានផ្អាក ឬពន្យាពេលសេវាកម្ម ៕
