ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយទូទាំងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់ ១២៩នាក់ ហើយមនុស្សជាង ១៦០ នាក់នៅតែចាត់ទុកថាបាត់ខ្លួន គិតត្រឹមថ្ងៃសៅរ៍ (១២ កក្កដា)។ តំបន់ Kerr រងការវាយប្រហារខ្លាំងបំផុត ដោយមានអ្នកស្លាប់យ៉ាងហោចណាស់ ១០៣នាក់ក្នុងចំណោមតួលេខសរុប រួមទាំងកុមារ ៣៦នាក់។

កិច្ចការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។ លោកប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសគ្រោះមហន្តរាយសម្រាប់តំបន់នេះ ហើយទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធកំពុងបន្តប្រតិបត្តិការនៅទីនោះ។ លោក Trump ដែលបានទៅពិនិត្យទីតាំងគ្រោះថ្នាក់បាននិយាយថា ពលរដ្ឋតិចសាស់ ត្រូវបានផ្តល់ "ការព្រមានជាច្រើន" មុនពេលទឹកជំនន់បំផ្លិចបំផ្លាញនៅក្នុងរដ្ឋ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមមន្រ្តីតំបន់ Kerr បាននិយាយផ្ទុយពីនេះថា ប្រព័ន្ធប្រកាសអាសន្នជាសាធារណៈដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន ពុំដំណើរការល្អនោះទេ។
អ្នកជួយសង្គ្រោះរាប់រយនាក់ ដែលភាគច្រើនជាអ្នកស្ម័គ្រចិត្ត បានបន្តស្វែងរកក្នុងកម្ទេចកម្ទី និងការបំផ្លិចបំផ្លាញរាប់សិបគីឡូម៉ែត្រ ដើម្បីរកសញ្ញាណាមួយនៃអ្នកបាត់ខ្លួន ប៉ុន្តែមន្ត្រីនៅតំបន់ Kerr បាននិយាយថា ពួកគេមិនបានជួយសង្គ្រោះនរណាម្នាក់ឱ្យរួចជីវិតទេចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា មក ដែលជាថ្ងៃនៃទឹកជំនន់ដ៏អាក្រក់។
អាជ្ញាធរក្នុងរដ្ឋតិចសាស់ រួមទាំងអភិបាលរដ្ឋបានសន្យាថា ក្រុមបុគ្គលិក និងអ្នកជួយសង្រ្គោះនឹងមិនបញ្ឈប់ការស្វែងរករបស់ពួកគេឡើយ រហូតទាល់តែអ្នកបាត់ខ្លួនទាំងអស់ត្រូវបានរកឃើញ៕


