រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៣កក្កដាឆ្នាំ២០២៥ បានជួបជុំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដឹកនាំឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានទូងស្គរ ដើម្បីអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយបានចាត់ទុកការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជារឿងប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា។
បញ្ជាក់ប្រាប់ BTV ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជារឿងប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ព្រោះអង្គការយូណេស្កូ មិនងាយនឹងចុះបញ្ជីបេតិកភណ្ឌពិភពលោកងាយៗទេ លុះត្រារបស់នោះបង្ហាញពីប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់សិក្សាស្រាវជ្រាវរបស់មនុស្សជាតិ និងជាកន្លែងប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន ដូចនេះហើយទើបរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទូងស្គរ ដើម្បីចូលរួមអបអរសាទរ បង្ហាញពីការសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ធ្វើឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ហើយការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕ អត្ថបទ៖ គង់ រ៉េន




