ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្លុកនេះនឹង "បន្តធ្វើការ" ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយនៅថ្ងៃទី០១ ខែសីហា ហើយនៅតែត្រៀមចាត់វិធានការ "ចាំបាច់" ទាំងអស់ដើម្បីការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងអត្រាពន្ធយ៉ាងខ្ពស់ ៣០% លើទំនិញអឺរ៉ុប ដែលចូលទៅក្នុងសហរដ្ឋអាមេរិក ដោយនេះខ្ពស់ជាងអត្រាដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់នៅក្នុងខែមេសា។

ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប លោក Bernd Lange បានហៅការប្រកាសពន្ធរបស់លោក Trump នេះថាជា "ការទះកំផ្លៀងយ៉ាងឈឺចាប់” ហើយបានអំពាវនាវឱ្យមានវិធានការសងសឹកយ៉ាងម៉ឺងម៉ាត់។ លោកជំរុញឱ្យមានវិធានការប្រឆាំងដំណាក់កាលទីមួយចូលជាធរមាននៅថ្ងៃចន្ទ ១៤ កក្កដា ហើយបន្ទាប់មកបន្តយ៉ាងឆាប់រហ័សដោយកញ្ចប់ទីពីរ។
លោក Lange សង្ក់តធ្ងន់ថា ប្លុកនេះត្រូវតែពិចារណាប្រើប្រាស់វិធានការ “ឧបករណ៍ប្រឆាំងនឹងការបង្ខិតបង្ខំ” ដែលអាចដកក្រុមហ៊ុនអាមេរិកចេញពីកិច្ចសន្យារដ្ឋនៅសហភាពអឺរ៉ុប។ តាមរយៈការកំណត់អត្រាពន្ធថ្មីនេះ លោក Trump មានបំណងបន្ថយឱនភាពពាណិជ្ជកម្មអាមេរិក ប៉ុន្តែក្រុមអ្នកជំនាញព្រមានថា ពន្ធគយអាចបង្កចលាចលសម្រាប់ទីផ្សារពិភពលោក និងរំខានដល់សេដ្ឋកិច្ចអាមេរិកខ្លួនឯងផ្ទាល់។
គួរឱ្យដឹងថា ប្លុកអឺរ៉ុបមានលទ្ធភាពបង្កើតវិធានការ ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ (ACI) ដែលអនុញ្ញាតឱ្យខ្លួនសងសឹកប្រទេសនានាដែលចង់ដាក់សម្ពាធដល់សមាជិកខ្លួន។ វិធានការនេះត្រូវលើកឡើងម្តងហើយម្តងទៀតជាការសឹកសឹកដែលអាចធ្វើទៅបានចំពោះការគំរាមកំហែងរបស់លោក Trump៕

