ក្រុមបាតុករជាង ៧០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ (១២ កក្កដា) នៅក្នុងការតវ៉ាដ៏តានតឹងមួយនៅចក្រភពអង់គ្លេស ដើម្បីគាំទ្រដល់ក្រុមសកម្មភាពប៉ាឡេស្ទីន ដែលត្រូវបានចាត់តាំងថាជាអង្គការភេរវករដោយរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីការសម្រុកចូល និងការបំផ្លិចបំផ្លាញនៅឯមូលដ្ឋានទ័ពអាកាសរបស់ចក្រភពអង់គ្លេស។

នៅទីក្រុងឡុងដ្រ៍ ជាទីដែលមានការតវ៉ាបែបនេះពីរសប្ដាហ៍ជាប់គ្នាមកហើយ នគរបាលនិយាយថា មនុស្សយ៉ាងតិច ៤២នាក់ ត្រូវចាប់ខ្លួននៅរសៀលថ្ងៃដដែល ក្នុងចំណោមតួលេខសរុប។ នគរបាលនិយាយថា ការចាប់ខ្លួនទាំងនោះគឺដោយសារការបង្ហាញការគាំទ្រដល់អង្គការ ដែលបានកំណត់ថាជាភេរវករ រួមមានការស្រែកឃ្លាតវ៉ា ការស្លៀកពាក់ ឬការដាក់បង្ហាញដូចជាទង់ជាតិ សញ្ញា ឬនិមិត្តសញ្ញា រួមទាំងការប្រើអំពើហិង្សាក្នុងបាតុកម្ម។
បាតុកម្មផ្សេងទៀតបានកើតឡើងនៅជុំវិញចក្រភពអង់គ្លេស រួមទាំងនៅទីក្រុង Manchester ជាទីដែលនគរបាលនិយាយថា ការចាប់ខ្លួន ១៦នាក់ត្រូវបានធ្វើឡើង ហើយក្នុងទីក្រុង Cardiff មានការចាប់ខ្លួនមនុស្ស ១៣នាក់ និងនៅក្រុង Leeds មានការចាប់ខ្លួនជាច្រើនទៀត។
ការកំណត់ក្រុមសកម្មភាពប៉ាឡេស្ទីន ថាជាអង្គការភេរវករដោយរដ្ឋាភិបាលអង់គ្លេសនេះមានន័យថា ការគាំទ្រដល់អង្គការមួយនេះត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ។ ការចាត់តាំងជាផ្លូវការនៃក្រុមសកម្មភាពប៉ាឡេស្ទីនថាជាក្រុមភេរវករនៅដើមខែនេះ ធ្វើឡើងនៅក្រោមច្បាប់ភេរវកម្មឆ្នាំ២០០០ ដោយមានន័យថា សមាជិកណាម្នាក់នៅក្នុងក្រុមនេះ និងការគាំទ្រសម្រាប់សកម្មភាពរបស់ក្រុម នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ៕


