តំណាងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR ប្រចាំអ៊ុយក្រែន បាននិយាយថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ បានបង្ខំមនុស្សជិត ១០លាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយមានប្រហែល ៣,៨លាននាក់ ផ្លាស់ទីលំនៅខាងក្នុងប្រទេស និងចំនួន ៥,៦លាននាក់ ភៀសខ្លួនទៅរស់នៅបរទេស ប៉ុន្តែពួកគេភាគច្រើនចង់នៅជិតប្រទេសកំណើតរបស់ខ្លួន។
លោកស្រី Karolina Lindholm Billing តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយកាលពីថ្ងៃសុក្រ (១១ កក្កដា) ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងតែបន្តយ៉ាងខ្លាំងក្លា ជាមួយនឹង "ភាពតានតឹងកាន់តែខ្លាំង" ដូច្នេះការបន្តគាំទ្រពីអន្តរជាតិដែលផ្តល់មូលនិធិដល់ការឆ្លើយតបមនុស្សធម៌ គឺមានសារៈសំខាន់ជាខ្លាំង។

តំណាង UNHCR រូបនេះបានសង្កត់ធ្ងន់ថា ជារៀងរាល់ថ្ងៃ អង្គការ និងដៃគូក្នុងស្រុករបស់ខ្លួន កំពុងជួយប្រជាជនដែលរងគ្រោះដោយការវាយប្រហារតាមអាកាស រួមទាំងការវាយប្រហារនាពេលថ្មីៗនេះលើទីក្រុងគីវ និង Kharkiv ដែលនៅតែចង់រស់នៅក្នុងទឹកដីកំណើតរបស់ខ្លួន។
នាពេលថ្មីៗនេះ រុស្ស៊ីបានបង្កើនការវាយប្រហារជាបន្តបន្ទាប់នៃយានដ្រូន Shahed រយៈចម្ងាយឆ្ងាយ លើទីក្រុងនានារបស់អ៊ុយក្រែន ដែលជារឿយៗរួមមានមីស៊ីលផ្លោង និងមីស៊ីលតម្រង់គោលដៅ ក៏ដូចជាគ្រាប់បែកកំណត់គោលដៅដ៏មានឥទ្ធិពលផងដែរ។ ខែមិថុនា បាននាំមកនូវការស្លាប់ជនស៊ីវិលប្រចាំខែខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយមានមនុស្សចំនួនជាង ២៣០នាក់បានស្លាប់ និងលើសពី ១.៣០០នាក់បានរងរបួស៕


