ក្រោយពីមានការបំផុសចលនាមហាជន ត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ បណ្តាថ្នាក់ដឹកនាំ រួមមាន៖ សមាជិក-សមាជិកា នៃព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល, ឯកឧត្តម-លោកជំទាវ ជារដ្ឋមន្រ្តីក្រសួង-ស្ថាប័ន, ថ្នាក់ដឹកនាំចំណុះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសប្បុរសជនជាច្រើននាក់ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់គាំទ្រដល់មហាសន្និបាតវិសាមញ្ញជាបន្តបន្ទាប់។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជននេពេលនេះ ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀត ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។
សូមជម្រាបជូនថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ដែលរៀចំធ្វើឡើងនាចុងខែកក្កដាឆាប់ៗខាងមុខនេះ ក្នុងគោលបំណង ៣សំខាន់ៗ រួមមាន៖ ទី១ បូកសរុបលទ្ធផលការងាររយៈពេល ១០ឆ្នាំរបស់សមាគម, ទី២ កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្តូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា និងទី៣ ការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម៕

