ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០នាក់ ដែលភាគច្រើនជាកុមារ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅភាគកណ្តាលដែនដីហ្កាហ្សា នៅពេលពួកគេកំពុងចាំត្រងទឹកទុកប្រើប្រាស់កាលពីថ្ងៃអាទិត្យ (១៣ កក្កដា) នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ដែលយោធាបាននិយាយថា មានបញ្ហាបច្ចេកទេសបណ្ដាលឱ្យ “វាយខុសគោលដៅ”។

យោធាអ៊ីស្រាអែល IDF បាននិយាយថា មីស៊ីលនេះមានបំណងវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមនៅក្នុងតំបន់នោះ ប៉ុន្តែបានដំណើរការខុសប្រក្រតី រួចបណ្តាលឱ្យធ្លាក់ «ចម្ងាយរាប់សិបម៉ែត្រខុសពីគោលដៅ»។ យោធាបានសម្ដែងការសោកស្ដាយលើការស្លាប់របស់ជនស៊ីវិល ដោយបន្ថែមថាគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។
លោក Ahmed Abu Saifan គ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យ Al-Awda បាននិយាយថា ការវាយប្រហារនោះបានត្រូវចំទីតាំងចែកចាយទឹកដ៏សំខាន់នៅក្នុងជំរំជនភៀសខ្លួន Nuseirat ដែលមានអ្នកស្រុករស់នៅក្រាស់ក្រែល ដោយបានសម្លាប់កុមារ ៦នាក់ និងបង្ករបួស ១៧នាក់ផ្សេងទៀត។ សាក្សីផ្ទាល់ភ្នែកនិយាយថា យានដ្រូនបានបាញ់មីស៊ីលសំដៅទៅហ្វូងមនុស្សដែលកំពុងតម្រង់ជួរនៅក្បែររថយន្តដឹកទឹកមួយគ្រឿងនៅជំរំនោះ។
កង្វះខាតទឹកនៅតំបន់ហ្កាហ្សា បានកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែការខ្វះខាតប្រេងឥន្ធនៈបានធ្វើឱ្យកន្លែងសម្អាត និងអនាម័យត្រូវបានបិទ ដែលនាំឱ្យប្រជាជនត្រូវពឹងផ្អែកលើមជ្ឈមណ្ឌលចែកចាយដើម្បីយកទឹកទុកប្រើប្រាស់៕

