ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលថ្ងៃអាទិត្យ (១៣ កក្កដា) ថា លោកនឹងបញ្ជូនមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot) ដ៏សំខាន់ទៅឱ្យទីក្រុងគីវ ដោយនិយាយថា គ្រឿងយុទ្ធោបករណ៍ទាំងនេះចាំបាច់ណាស់ដើម្បីការពារអ៊ុយក្រែន ព្រោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «និយាយល្អណាស់ ប៉ុន្តែបែរជាបន្តសកម្មភាពទម្លាក់គ្រាប់បែកលើមនុស្សគ្រប់គ្នាទៅវិញ»។

លោក Trump មិនបានបញ្ជាក់ចំនួនមីស៊ីលប៉ាទ្រីយ៉ូតដែលលោកគ្រោងនឹងបញ្ជូនទៅអ៊ុយក្រែនទេ ប៉ុន្តែបាននិយាយថា ការចំណាយរបស់អាមេរិកលើមីស៊ីលទាំងនោះនឹងត្រូវសងវិញដោយសហភាពអឺរ៉ុប។ លោក Trump កាន់តែមិនសប្បាយចិត្តខ្លាំងឡើងជាមួយលោក Putin ដោយសារមេដឹកនាំរុស្ស៊ីរូបនេះបានប្រឆាំងនឹងការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្រៅទីក្រុងវ៉ាស៊ីនតោនថា៖ អាមេរិកនឹងបញ្ជូនមីស៊ីលប៉ាទ្រីយ៉ូតដែលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំង ព្រោះលោក Putin ពិតជាធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលណាស់ ដោយការនិយាយសម្ដីល្អៗ តែបន្ទាប់មកបែរជាទម្លាក់គ្រាប់បែកលើប្រជាជនទៅវិញ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើសុំឱ្យមានការបង្កើនសមត្ថភាពការពារបន្ថែមទៀត ដើម្បីទប់ស្កាត់រលកវាយប្រហារដោយមីស៊ីល និងយានដ្រូនប្រចាំថ្ងៃពីកងកម្លាំងរុស្ស៊ី។ ប៉ាទ្រីយ៉ូតគឺជាប្រព័ន្ធការពារដែនអាកាសដែលមានសមត្ថភាពពិនិត្យរក និងស្ទាក់ចាប់ការគំរាមកំហែងពីមីស៊ីល និងយានដ្រូនខាងក្រៅ ជាអ្វីដែលអ៊ុយក្រែន ត្រូវការជាចាំបាច់៕

