ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងចិនកាលពីថ្ងៃអាទិត្យ ទី១៣ កក្កដា បានពិភាក្សាអំពីទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងការរំពឹងទុកសម្រាប់ការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី Vladimir Putin លោកSergei Lavrov បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ។ លោក Lavrov មានផែនការចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO)នៅក្នុងប្រទេសចិន។
ក្រសួងការបរទេសបាននិយាយថា «ភាគីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងការរំពឹងទុកសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន»។

ក្រសួងបាននិយាយថា «មានសារៈសំខាន់ក្នុងការពង្រឹងការសម្របសម្រួលជិតស្និទ្ធរវាងប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ រួមទាំងនៅក្នុងអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន អង្គការសហប្រតិបត្តិការសៀងហៃ(SCO) ក្រុមប្រទេសBRICS ក្រុមប្រទេសG20 និងAPEC ដែលត្រូវបានគេបញ្ជាក់ច្បាស់។
ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក Putin ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់អ៊ុយក្រែន។ លោក Putin បានចាត់ទុកប្រទេសចិនថាជា «សម្ព័ន្ធមិត្ត» ខណៈសហរដ្ឋអាមេរិក បានចាត់ទុកចិនថាជាគូប្រជែងធំបំផុតរបស់ខ្លួន ហើយរុស្ស៊ីក៏ជាការគំរាមកំហែងធំបំផុតរបស់ខ្លួនផងដែរ។